វិមានក្រឹមឡាំង និយាយថា សង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានជំរុញឲ្យមានកំណើនតម្រូវការខ្ពស់ សម្រាប់ផលិតថាមពលរុស្ស៊ី រយៈពេល ១ថ្ងៃ ក្រោយរតនាគារសហរដ្ឋអាមេរិក ចេញការលើកលែងពេល ៣០ថ្ងៃ ដើម្បីអនុញ្ញាតឲ្យឥណ្ឌាទិញប្រេងរុស្ស៊ីដែលបច្ចុប្បន្នកំពុងជាប់នៅក្នុងសមុទ្រ ។
ជម្លោះដែលបានឈានចូលដល់ថ្ងៃទី ៧នាថ្ងៃសុក្រនេះ បណ្តាលឲ្យច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ បិទទាំងអស់ ក្នុងនោះប្រទេសនៅជុំវិញពិភពលោក ជួបការលំបាកចំពោះការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវ ។
រុស្ស៊ីដែលនៅជាប់ដៃធ្វើសង្រ្គាមផ្ទាល់ខ្លួននៅអ៊ុយក្រែនដែរនោះ អាចនឹងទទួលបានអត្ថប្រយោជន៍ពីសង្រ្គាមថ្មីនៅមជ្ឈិមបូព៌ា ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃសុក្រនេះថា រុស្ស៊ីនៅតែជាប្រទេសផ្គត់ផ្គង់ឧស្ម័ន និងប្រេងដែលអាចទុកចិត្តបានដដែល តាមរយៈបំពង់បង្ហូរឧស្ម័ន និងឧស្ម័នធម្មជាតិរាវ ។
លោកបន្តថា ពួកយើងបានមើលឃើញកំណើនខ្លាំងលើតម្រូវការសម្រាប់ធនធានធម្មជាតិរបស់រុស្ស៊ី ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ីរ៉ង់ ។ រុស្ស៊ីនៅតែអាចធានាដល់និរន្តរភាពការចែកចាយទាំងអស់ដែលកិច្ចសន្យាត្រូវបានបញ្ចប់ ៕