ប្រជាជនអ៊ីរ៉ង់យ៉ាងច្រើន បានជួបជុំគ្នានៅកណ្តាលទីក្រុងតេអេរ៉ង់ និងកន្លែងផ្សេងទៀត នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ ដើម្បីធ្វើការអធិដ្ឋានថ្ងៃសុក្រ ដែលជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
រូបភាពវីដេអូអនឡាញដែលត្រូវបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានបង្ហាញឲ្យឃើញក្រុមមនុស្សមានទាំងបុរស និងស្ត្រីស្លៀកពាក់ពណ៌ខ្មៅ ដោយអ្នកខ្លះកាន់ទង់ជាតិអ៊ីរ៉ង់ បន្តធ្វើដំណើរទៅកាន់ទីធ្លាបើកចំហរមួយ នៅខាងក្រៅវិហារឥស្លាមធំរបស់មេដឹកនាំសាសនា Imam Khomeini ក្នុងរដ្ឋធានី។
ការអធិដ្ឋានថ្ងៃសុក្រសប្តាហ៍នេះ ក៏ជាលើកទី១ ផងដែរ ចាប់តាំងពីការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei អំឡុងការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែលបានបង្កឲ្យមានសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។
នៅក្នុងផ្ទៃខាងក្រោយនៃវីដេអូមួយ បុរសម្នាក់ដែលនិយាយតាមរយៈឧបករណ៍បំពងសំឡេង បានកាន់ទុក្ខដល់សពមេដឹកនាំកំពូល។ ក្រោយមក ការសូត្រខនានាពីគម្ពីរកូរ៉ាន បានបន្លឺឡើងពីឧបករណ៍បំពងសំឡេង នៅក្នុងការជួបជុំគ្នានោះ ដែលបានកើតឡើង ក្នុងអំឡុងពេលមានការដាក់ពង្រាយកងកម្លាំងសន្តិសុខយ៉ាងតឹងរ៉ឹងនៅតំបន់នោះ។
វីដេអូពីទីក្រុងផ្សេងទៀតនៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំង Ilam និង Borujerd នៅភាគខាងលិច និង Zahedan នៅភាគអាគ្នេយ៍ បានបង្ហាញឲ្យឃើញនូវទិដ្ឋភាពស្រដៀងគ្នានេះ ដោយអ្នកគោរពបូជាជាច្រើនកាន់ទង់ជាតិអ៊ីរ៉ង់។
សង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់ ដែលបានឆ្លើយតបដោយការវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសឈូងសមុទ្រ និងដីគោកអ៊ីស្រាអែល ដោយប្រើប្រាស់យានដ្រូន និងមីស៊ីល៕