រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ បានអំពាវនាវឲ្យអ៊ីរ៉ង់ឈប់វាយប្រហារ «ដោយមិនទទួលខុសត្រូវ» ទៅលើប្រទេសទី៣ ប៉ុន្តែបានបន្ថែមថា លោកមិនបានឃើញការគំរាមកំហែងណាមួយ ដែលមានចំពោះសម្ព័ន្ធមិត្តណាតូ (NATO) នោះទេ។
ជាមួយគ្នានេះ លោក Wadephul ក៏បានប្រកាសពីការផ្ដល់ជំនួយមនុស្សធម៌បន្ថែមជិត ១០០លានអឺរ៉ូ (១១៥,៦៤លានដុល្លារ) ហើយបាននិយាយថា ប្រទេសនានាត្រូវតែធានាថា ការបម្លាស់ទីលំនៅរបស់ប្រជាជន នៅតំបន់មជ្ឈិមបូព៌ា មិនប្រែក្លាយទៅជា «រលកថ្មីនៃជនភៀសខ្លួន» នោះទេ។
លោកបានបញ្ជាក់ថា៖ «វាមិនសមហេតុផលទាំងស្រុងនោះទេដែលអ៊ីរ៉ង់កំពុងវាយប្រហាររដ្ឋដែលមិនបានចូលរួមនៅក្នុងការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់»។
លើសពីនោះ អំឡុងពេលថ្លែងជាមួយសមភាគីហូឡង់របស់លោក លោក Wadephul ក៏បាននិយាយផងដែរថា អ៊ុយក្រែននៅតែជាអាទិភាពសន្តិសុខកំពូលរបស់អាល្លឺម៉ង់ និងបានអំពាវនាវឲ្យហុងគ្រីបញ្ឈប់ការរារាំងជំនួយដល់ប្រទេសនេះ៕