កងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF)ចំណុះរដ្ឋាភិបាល បានប្រកាសថា ពួកគេដណ្តើមបានមកវិញទីក្រុង Bara ដែលជាទីក្រុងធំបំផុតទី ១ របស់រដ្ឋ North Kordofan ស្ថិតនៅតំបន់ភាគខាងលិចប្រទេសហែកហួរដោយសារភ្លើងសង្រ្គាមមួយនេះ បន្ទាប់ពីប្រតិបត្តិការយោធាដែលពួកគេនិយាយថា បានបណ្តេញកងកម្លាំងគាំទ្ររហ័ស(RSF) ចេញពីទីក្រុង និងបង្កការបាត់បង់អាយុជីវិតមនុស្សជាច្រើន និងគ្រឿងយុទ្ធោបករណ៍ ។
ប្រភពមន្រ្តីកងទ័ពជាន់ខ្ពស់ស៊ូដង់ បាននិយាយប្រាប់កាសែត Al Jazeera ថា កងទ័ពអាកាស បានបើកការវាយប្រហារយ៉ាងសន្ធាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍លើទីតាំងឈរជើងរបស់កងកម្លាំង RSF នៅក្នុងទីក្រុង Bara ។
ពួកគេកត់សំគាល់ឃើញថា ការវាយប្រហារត្រូវចំរថយន្តយោធា និងការប្រមូលផ្តុំរបស់ទាហាន ដោយបានសម្លាប់កងកម្លាំង RSF ជាច្រើននាក់ និងបំផ្លាញរថពាសដែកធន់ធ្ងន់ជាច្រើនគ្រឿង ។
ប្រភពបន្តថា ការវាយប្រហារតាមច្រកអាកាស ត្រូវបានធ្វើឡើងតាមក្រោយដោយការវាយប្រហារតាមជើងគោកដ៏គួរភ្ញាក់ផ្អើលរបស់កងទ័ពស៊ូដង់ ចេញពីទីតាំងឈរជើងរបស់ពួកគេ នៅភាគខាងជើងទីក្រុង el-Obeid ដែលជារដ្ឋធានីរបស់រដ្ឋ North Kordofan ជាពិសេសចេញពីរដ្ឋធានី al-Dankoj មុនពេលទាហានរុលចូលទៅកាន់ទីក្រុង និងដណ្តើមបានការគ្រប់គ្រងច្រកចូលសំខាន់របស់ទីក្រុងមួយនេះ ។
ប្រភពនិយាយទៀតថា អំឡុងប្រតិបត្តិការ កងកម្លាំងវាយប្រហារ អាចបំផ្លាញរថពាសដែក ៣២គ្រឿងរបស់កងកម្លាំង RSF និងរឹបអូសបានរថពាសដែកនៅល្អ ១០គ្រឿងទៀត បន្ថែមពីលើការសម្លាប់យុទ្ធជនរាប់សិបនាក់ នៅក្នុងការប៉ះទង្គិចគ្នាដោយផ្ទាល់ និងនៅក្នុងការវាយប្រហារតាមយានដ្រូន ។
ក្រោយកងកម្លាំង RSF ត្រូវបានរុញច្រានឲ្យចាកចេញពីរដ្ឋធានី Khartoum កាលពីខែមីនា ឆ្នាំ ២០២៥ ក្រុមទាហានប៉ារ៉ាមួយនេះ ផ្លាស់ប្តូរយុទ្ធនាការរបស់ពួកគេទៅកាន់តំបន់ Kordofan និងទីក្រុង el-Fasher ស្ថិតក្នុងរដ្ឋ North Darfur ដែលជាបន្ទាយចុងក្រោយរបស់កងទ័ពស៊ូដង់ នៅតំបន់ធំល្វឹងល្វើយ Darfur រហូតដល់វាធ្លាក់ក្នុងកណ្តាប់ដៃកងកម្លាំង RSF កាលពីខែតុលា ឆ្នាំ ២០២៥ ៕