រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រ ទី៦ ខែមីនា ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងត្រៀមអមការពារនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz «ឱ្យបានឆាប់តាមហេតុផលដែលអាចធ្វើទៅបាន» ខណៈចរាចរណ៍ឆ្លងកាត់ផ្លូវពាណិជ្ជកម្មសំខាន់នេះនៅតែជាប់គាំងដោយសារតែសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។ លោក Chris Wright បានប្រាប់កម្មវិធី Fox and Friends របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា «ធ្វើឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន យើងនឹងអមការពារនាវាឆ្លងកាត់ច្រកសមុទ្រ ហើយធ្វើឱ្យថាមពលដំណើរការឡើងវិញ»។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹង «ចាប់ផ្តើមអមការពារនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចៀសការរំខានដល់ការផ្គត់ផ្គង់ប្រេងសកល។ មួយភាគប្រាំនៃប្រេងឆៅ និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ។ សង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីមួយសប្តាហ៍មុន ហើយការវាយប្រហារសងសឹករបស់ទីក្រុងតេអេរ៉ង់នៅទូទាំងតំបន់ឈូងសមុទ្របានធ្វើឱ្យតម្លៃប្រេងឆៅឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតពីរឆ្នាំមកនេះ ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីការកើនឡើងថ្មីនៃអតិផរណាអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ លោក Fatih Birol ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាយាមកាត់បន្ថយការព្រួយបារម្ភនៃវិបត្តិប្រេងសកល ដោយបាននិយាយកាលពីថ្ងៃសុក្រថា មាន «ប្រេងច្រើននៅលើទីផ្សារ»។ លោក Wright ក៏បានលើកឡើងពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការអនុញ្ញាតឱ្យប្រទេសឥណ្ឌា មានការលើកលែងបណ្តោះអាសន្នចំពោះទណ្ឌកម្ម ដើម្បីទិញប្រេងរបស់រុស្ស៊ីថាជា «ការអនុវត្តជាក់ស្តែង»។ រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិកបាននិយាយថា «ពុំមានការផ្លាស់ប្តូរគោលនយោបាយប្រឆាំងនឹងរុស្ស៊ីទេ» ដោយឧស្សាហកម្មថាមពលរបស់ប្រទេសនៅតែបន្តប្រឈមនឹងទណ្ឌកម្មយ៉ាងតឹងរ៉ឹងរបស់សហរដ្ឋអាមេរិកជុំវិញសង្គ្រាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។

