អ៊ុយក្រែន៖ អគារមន្ទីរពេទ្យ សាលា លំនៅឋានប្រជាពលរដ្ឋ និងសំណង់ផ្សេងៗនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានគ្របដណ្ដប់ដោយអណ្ដាតភ្លើង និងផ្សែងខ្មួលខ្មាញ់ពីការវាយប្រហារតាមអាកាសរបស់កងទ័ពរុស្ស៊ី បន្ទាប់ពីការលុកលុយចូលកាលពីថ្ងៃទី២៤ កុម្ភៈ ហើយគិតត្រឹមថ្ងៃទី២៤ ខែមីនា សង្គ្រាមនេះមានអាយុកាល ១ខែគត់ក្រោយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាឲ្យបើកការវាយប្រហារដែលលោកបានហៅថា ជាប្រតិបត្តិការសឹកពិសេសលើអ៊ុយក្រែន ហើយមកទល់នឹងថ្ងៃនេះពន្លឺនៃការបញ្ចប់ ឬភាពធូរស្រាលនៃភ្លើងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននៅតែមិនអាចមើលឃើញនៅឡើយ។

រយៈពេល ១ខែកន្លងផុតទៅថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ីបានប្រកាសលើកញ្ចក់ទូរទស្សន៍ថា លោកកំពុងលុកលុយចូលអ៊ុយក្រែន និងបានព្រមានលោកខាងលិចថា រាល់ការប៉ុនប៉ងចង់ធ្វើអន្តរាគមន៍ទាំងឡាយ អាចនឹងជួបការសងសឹកវិញដោយអាវុធនុយក្លេអ៊ែរ។ នៅក្នុងរយៈពេល ៤សប្ដាហ៍ពេញចាប់តាំងពីកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារតាមអាកាស ឡោមព័ទ្ធទីក្រុងមួយចំនួនរបស់អ៊ុយក្រែន និងបានបង្ខំឲ្យប្រជាពលរដ្ឋរាប់លាននាក់រត់គេចខ្លួនចេញពីអំពើហិង្សា សហភាពអឺរ៉ុបបានមើលឃើញពីវិបត្តិជនភៀសខ្លួនដ៏ធំបំផុតមិនធ្លាប់មាន ក្នុងពេលប៉ុន្មានទសវត្សរ៍មកនេះ។ ជម្លោះនេះបានកំណត់ជាថ្មីនូវទិដ្ឋភាពភូមិសាស្ត្រនយោបាយ ដែលនាំឲ្យមានការបែកបាក់គ្នាកាន់តែខ្លាំងរវាងទីក្រុង Moscow និងលោកខាងលិចអំពីការចាប់ផ្ដើមមានឡើងវិញនូវសង្គ្រាមត្រជាក់។ ហើយភាពតានតឹងនេះបានជំរុញឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើងពីវិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិស្បៀងអាហារពិភពលោក។

យោងតាមអង្គការសហប្រជាជាតិឲ្យដឹងថា ប្រជាពលរដ្ឋអ៊ុយក្រែនប្រមាណ ១០លាននាក់ជិតស្មើនឹង ១ភាគ៤ នៃចំនួនប្រជាជនអ៊ុយក្រែនសរុប បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលក្លាយជាជនភៀសខ្លួនបរទេសចូលទៅក្នុងបណ្ដាប្រទេសជិតខាងដូចជា ប៉ូឡូញ ម៉ូលដូវ៉ា រុស្ស៊ី បេឡារុស ស្លូវ៉ាគី ហុងគ្រី និងរ៉ូម៉ានីជាដើម។ ប្រទេសរុស្ស៊ីពុំបានបញ្ចេញចំនួនអ្នកស្លាប់ថ្មីៗទេ ប៉ុន្តែក្រុមមន្ត្រីណាតូបានប្រាប់ទូរទស្សន៍ NBC News ថា អង្គការនេះបានប៉ាន់ប្រមាណនាពេលបច្ចុប្បន្ននេះថា កងទ័ពរុស្ស៊ីចន្លោះពី ៧,០០០នាក់ និង ១៥,០០០នាក់បានស្លាប់ក្នុងសង្គ្រាម ៤សប្ដាហ៍មកនេះដោយបន្ថែមថា កងទ័ពរុស្ស៊ីដែលបានរងរបួស ត្រូវបានចាប់ខ្លួន ឬកំពុងបាត់ខ្លួនអាចមានចន្លោះពី ៣០,០០០នាក់ដល់ ៤០,០០០នាក់។ យោងតាមអង្គការសហប្រជាជាតិឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនចំនួន ៩៧៧នាក់បានស្លាប់ក្នុងនោះបុរស ១៩៦នាក់ ស្ត្រី ១៤៤នាក់ ក្មេងស្រី ១២នាក់ និងក្មេងប្រុស ២៧នាក់ ព្រមទាំងកុមារ ៤២នាក់ និងមនុស្សវ័យជំទង់ ៥៥៦នាក់ពុំបានដឹងភេទ៕
អត្ថបទ៖ សុខមាន