អ្នកគាំទ្រក្រុមហ៊ូទីរាប់ពាន់នាក់ បានទៅប្រមូលផ្តុំគ្នានៅទីលាន Sabeen កណ្តាលរដ្ឋធានី Sanaa ប្រទេសយេម៉ែន កាលពីថ្ងៃសុក្រ ទី៦ ខែមីនា ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រទេសអ៊ីរ៉ង់ និងលីបង់ ក្នុងពេលមានជម្លោះកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ក្រុមអ្នកតវ៉ា បានគ្រវីទង់ជាតិអ៊ីរ៉ង់ និងស្រែកពាក្យថ្កោលទោសសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ចលនាក្រុមហ៊ូទី ដែលគ្រប់គ្រងផ្នែកសំខាន់ៗនៅប្រទេសយេម៉ែន បានចងសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ និងក្រុមហេសបូឡាជាប្រវត្តិសាស្ត្រ ដោយរួមគ្នាប្រឆាំងចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងតំបន់។ អ៊ីស្រាអែល បានវាយប្រហារទីក្រុង Beirut កាលពីថ្ងៃសុក្រ ក្នុងជម្លោះដែលកំពុងពង្រីកជាមួយក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បណ្តាលឲ្យពលរដ្ឋលីបង់រាប់ម៉ឺននាក់រត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ មនុស្សគ្រប់គ្នានៅក្នុងតំបន់ជាយក្រុងភាគខាងត្បូងដែលមានប្រជាជនរស់នៅច្រើនក្នុងទីក្រុង Beirut ត្រូវបានបញ្ជាឱ្យចាកចេញ។ ជនស៊ីវិលនៅតំបន់មួយចំនួននៅភាគខាងត្បូង និងខាងកើតប្រទេសលីបង់ ក៏ត្រូវបានគេប្រាប់ឱ្យជម្លៀសខ្លួនចេញផងដែរ។

ប្រទេសលីបង់ ត្រូវបានគេទាញចូលឲ្យធ្លាក់ទៅក្នុងសង្គ្រាមកាលពីថ្ងៃចន្ទ នៅពេលដែលក្រុមហេសបូឡាបានបាញ់រ៉ុក្កែតចូលទៅអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។ ការបាញ់នេះ បានបង្កឱ្យមានការវាយលុកថ្មីរបស់អ៊ីស្រាអែលប្រឆាំងនឹងអ្វីដែលជាសម្ព័ន្ធមិត្តក្នុងតំបន់ដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់។
អង្គការសហប្រជាជាតិបានព្រមានថា ចំនួនជនភៀសខ្លួននៅក្នុងប្រទេសលីបង់ត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងឆាប់រហ័ស ដោយមានប្រហែល១០០.០០០នាក់ កំពុងរស់នៅក្នុងទីជម្រកបណ្តោះអាសន្នរួចហើយ។
