ប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រ ទី៦ ខែមីនា បានដំឡើងថ្លៃប្រេងម៉ាស៊ូត និងប្រេងសាំងប្រហែល២០% ដោយលើកឡើងពីតម្លៃប្រេងកាន់តែហក់ឡើងខ្ពស់បណ្តាលមកពីជម្លោះនៅអ៊ីរ៉ង់។ នៅក្នុងសារជាវីដេអូតាមទូរទស្សន៍ រដ្ឋមន្ត្រីប្រេងឥន្ធនៈ លោក Ali Pervaiz Malik បានប្រកាសពីការដំឡើងថ្លៃប្រេង៥៥រូពី (០,២០ដុល្លារក្នុងមួយលីត្រ) មានតម្លៃដល់៣២១,១៧រូពីសម្រាប់ប្រេងម៉ាស៊ូត និង៣៣៥,៨៦រូពីសម្រាប់ប្រេងសាំង។
រដ្ឋមន្ត្រីរូបនេះ បាននិយាយថា «យើងបានធ្វើការសម្រេចចិត្តនេះដោយបង្ខំដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈនៅទូទាំងពិភពលោក»។ ការសម្រេចចិត្ត ទំនងជានឹងប៉ះពាល់ដល់អតិផរណាកាន់តែខ្ពស់ និងប៉ះពាល់ដល់ប្រជាជនក្រីក្ររបស់ប្រទេសប៉ាគីស្ថាន។

មុនពេលការប្រកាស នៅតាមស្ថានីយប្រេងឥន្ធនៈនានាក្នុងទីក្រុងធំៗដូចជា Lahore និងទីក្រុង Karachi មានមនុស្សស្ថិតក្នុងជួរដ៏វែងជាច្រើនជួរ កំពុងរង់ចាំចាក់ប្រេង។
សម្រាប់ប្រជាជនប៉ាគីស្ថានធម្មតា ការដំឡើងថ្លៃនេះបង្កផលប៉ះពាល់មួយទៀតដល់ថវិកាដែលខ្វះខាតរួចទៅហើយ។ លោក Mohammad Yousuf ជាអ្នកស្រុកក្នុងតំបន់បាននិយាយថា «ការដំឡើងថ្លៃ ៥៥ រូពី មិនមែនគ្រាន់តែជាតួលេខនោះទេ វានឹងធ្វើឱ្យអ្វីៗគ្រប់យ៉ាងមានតម្លៃកាន់តែថ្លៃ»។
ប្រទេសប៉ាគីស្ថាន នាំចូលប្រេងជាចម្បងពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមតាមច្រកសមុទ្រ Hormuz។ រដ្ឋមន្ត្រីប្រេង និយាយថា រដ្ឋាភិបាលនឹងវាយតម្លៃ តម្លៃប្រេងឡើងវិញជារៀងរាល់សប្តាហ៍។
