
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ប្រវែងជាង៣០ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៥មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសជាសាធារណៈថា សម្ដេចនឹងនៅធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ឆ្នាំ២០២៣ ជាបន្តទៀត ដើម្បីធានានាដល់ការការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឲ្យបានគង់វង្ស និងរីកចម្រើនរុងរឿង។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដែលសម្ដេចបានប្រកាសបន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិឆ្នាំ ២០២៣ជាបន្តទៅទៀតនេះ មិនបានសេចក្តីថា សម្ដេចមិនទុកចិត្តសម្រាប់អ្នកបន្តវេនតំណែងជានាយករដ្ឋមន្ត្រីវ័យក្មេង ដែលសម្តេចបានមានប្រសាសន៍ចង់សំដៅទៅលើកូនប្រុសរបស់សម្តេចនោះឡើយ។
សម្ដេចបញ្ជាក់ដែរ សម្រាប់ការរៀបចំមន្ត្រីបន្តវេនទៅមុខទៀត កុំចាំបាច់សួរថាអាយុប៉ុន្មាន? សំខាន់បំផុតនៅត្រង់ថាតើគេធ្វើបានឬអត់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្មេងក៏ត្រូវតែយល់អំពីមនុស្សចាស់។ ក្មេងមានចំណេះដឹង ក៏ប៉ុន្តែខ្វះបទពិសោធន៍ ឯមនុស្សចាស់ខ្វះចំណេះដឹង ប៉ុន្តែសម្បូរពិសោធន៍៕