អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) បាននិយាយថា សហរដ្ឋអាមេរិកកំពុងដំណើរការយ៉ាងល្អប្រសើរក្នុងដំណើរផ្លូវឆ្ពោះទៅរកការគ្រប់គ្រងដែនអាកាសអ៊ីរ៉ង់ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន រំពឹងថា គោលបំណងរបស់សហរដ្ឋអាមេរិកដែលអាចសម្រេចបាននេះ នឹងត្រូវបញ្ចប់ក្នុងរយៈពេលពី ៤ ទៅ ៦សប្តាហ៍។

ជាមួយគ្នានេះ អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមាន លោកស្រី Leavitt ក៏បានប្រាប់ផងដែរថា ទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលបេក្ខជនដែលអាចដឹកនាំប្រទេសអ៊ីរ៉ង់នាពេលខាងមុខ ដោយការលើកឡើងនេះ កើតមានមួយថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានប្រាប់សារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍មួយថា សហរដ្ឋអាមេរិកត្រូវតែចូលរួមក្នុងការជ្រើសរើសមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់។
លោកស្រី Leavitt បាននិយាយថា៖ «ខ្ញុំដឹងថា មានមនុស្សមួយចំនួនដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យើង និងរដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងសម្លឹងមើល ប៉ុន្តែខ្ញុំនឹងមិននិយាយបន្ថែមទៀតទេ អំពីរឿង»។
គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី៥ ខែមីនា លោក Trump បានលើកឡើងថា លោកគិតថាមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់ ទំនងជាមិនមែនជាកូនប្រុសរបស់អតីតមេដឹកនាំកំពូល លោក Ayatollah Ali Khamenei នោះឡើយ បន្ទាប់ពីរូបលោកបានលេចឡើងក្នុងនាមជាអ្នកនាំមុខគេ ក្នុងការស្នងតំណែងឪពុករបស់លោក ដែលត្រូវបានសម្លាប់ អំឡុងការវាយប្រហារយោធានៅដើមដំបូងនៃសង្គ្រាម។
ហើយកាលពីព្រឹកថ្ងៃទី៦ ខែមីនា លោក Trump បានសង្កត់ធ្ងន់ថា នឹងមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងជាមួយអ៊ីរ៉ង់ទេ ក្រៅតែពី «ការព្រមចុះចាញ់ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់»៕

