ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ «បន្ទាន់» នូវសំបកគ្រាប់បែកចំនួន ១២.០០០គ្រាប់ទៅឲ្យអ៊ីស្រាអែល កាលពីថ្ងៃសុក្រ (ទី៧ ខែមីនា ឆ្នាំ២០២៦) ខណៈពេលដែលប្រទេសទាំង២ កំពុងរួមប្រយុទ្ធជាមួយអ៊ីរ៉ង់ នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដែលកំពុងតែខ្លាំងក្លាឡើងៗ។
ការលក់សំបកគ្រាប់បែកទម្ងន់ ៤៥០គីឡូក្រាមដែលត្រូវបានស្នើ តម្លៃប្រមាណ ១៥១,៨លានដុល្លារ ត្រូវបានអនុម័តដោយការិយាល័យកិច្ចការនយោបាយ-យោធារបស់ក្រសួងការបរទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
ការិយាល័យនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការលក់ដែលត្រូវបានស្នើនេះ នឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់អ៊ីស្រាអែល ក្នុងការទប់ទល់នឹងការគំរាមកំហែងបច្ចុប្បន្ន និងអនាគត ពង្រឹងសមត្ថភាពការពារមាតុភូមិរបស់ខ្លួន និងបម្រើជាខែលរារាំង ចំពោះការគំរាមកំហែងក្នុងតំបន់»។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា បន្ថែមពីលើគ្រាប់រំសេវ ការលក់នេះនឹងរួមបញ្ចូលសេវាកម្មវិស្វកម្មកិច្ចសន្យា ភស្តុភារ និងជំនួយបច្ចេកទេសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ នៅក្នុងការបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃសុក្រ ពោលគឺមួយសប្តាហ៍បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារលើកដំបូងលើអ៊ីរ៉ង់ លោកប្រធានាធិបតី Donald Trump បានឲ្យដឹងថា ក្រុមហ៊ុនការពារជាតិធំៗរបស់សហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាផលិតអាវុធកម្រិតចំនួន ៤ដង។
បើទោះបីការលក់អាវុធរបស់សហរដ្ឋអាមេរិក ជាធម្មតាតម្រូវឲ្យមានការយល់ព្រមពីសភាក៏ដោយ ក៏រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានចេញការលើកលែងផ្លូវការ ដោយរំលងការយល់ព្រម ដែលធ្វើឲ្យមន្ត្រីជាប់ឆ្នោតមួយចំនួនមានការភ្ញាក់ផ្អើល៕

