កាលពីថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានថ្កោលទោស «ការវាយប្រហារខុសច្បាប់» នៅទូទាំងតំបន់មជ្ឈិមបូព៌ា ហើយបានព្រមានថាស្ថានភាពអាចនឹងរីកធំហួសពីការគ្រប់គ្រងបាន ខណៈដែលជម្លោះរីករាលដាលដល់ប្រទេសជាច្រើន។

កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកយុទ្ធនាការផ្លូវអាកាសដ៏ធំ ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយអ៊ីរ៉ង់បានសងសឹកវិញ ដោយការវាយប្រហារលើអ៊ីស្រាអែល និងបណ្តាប្រទេសឈូងសមុទ្រ។
ទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ខ្លួនមានគោលបំណងទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីទីក្រុងតេអេរ៉ង់ ប៉ុន្តែខ្លួនក៏បានសម្លាប់ថ្នាក់ដឹកនាំធំៗនៃរដ្ឋាភិបាលរបស់ប្រទេសនេះផងដែរ ហើយលោកប្រធានាធិបតី Donald Trump ឥឡូវនេះ កំពុងទាមទារឲ្យ «ព្រមចុះចាញ់ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់»។
លោក Guterres បានលើកឡើងថា៖ «ការវាយប្រហារខុសច្បាប់ទាំងអស់ នៅតំបន់មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត កំពុងបង្កឲ្យមានទុក្ខវេទនា និងគ្រោះថ្នាក់យ៉ាងខ្លាំងដល់ជនស៊ីវិល នៅទូទាំងតំបន់ និងធ្វើឲ្យមានហានិភ័យធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសចំពោះប្រជាជនដែលងាយរងគ្រោះបំផុត»។
ប្រមុខដឹកដឹកនាំស្ថាប័នដ៏ធំរបស់ពិភពលោករូបនេះ បានសង្កត់ធ្ងន់ថា៖ «ស្ថានភាពអាចរាលដាលអាក្រក់ទៅៗយ៉ាងឆាប់រហ័សហួសពីការគ្រប់គ្រងបានរបស់នរណាម្នាក់។ ដល់ពេលត្រូវបញ្ឈប់ការប្រយុទ្ធគ្នាហើយ ហើយចាប់ផ្តើមការចរចាការទូតយ៉ាងប្រាកដប្រជា»៕

