ប្រទេសចិន និងអូស្ត្រាលី បានចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធការប្រឈមគ្នាដែលពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ នៅលើសមុទ្រលឿង ជាឧប្បត្តិហេតុយោធាចុងក្រោយបង្អស់ដែលបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែមីនា ឆ្នាំ២០២៦) ទីក្រុងកង់បេរ៉ាបានឲ្យដឹងថា ឧទ្ធម្ភាគចក្រកងទ័ពជើងទឹករំដោះប្រជាជន បានស្ទាក់ឧទ្ធម្ភាគចក្រកងកម្លាំងការពារជាតិអូស្ត្រាលីនៅថ្ងៃទី៤ ខែមីនា តាមវិធី «មិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈ»។ តែក្រសួងការពារជាតិចិន បានពិពណ៌នាអំពីសកម្មភាពរបស់យន្តហោះរបស់ខ្លួនថា «ស្របច្បាប់ សមហេតុផល និងវិជ្ជាជីវៈ»។

អូស្ត្រាលីបានឲ្យដឹងថា ឧទ្ធម្ភាគចក្រ MH-60R របស់ខ្លួន បានហោះចេញពីនាវាចម្បាំង HMAS Toowoomba នៅក្នុងដែនទឹកអន្តរជាតិ ក្រោមប្រតិបត្តិការ Argos ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដែលត្រូវបានអនុញ្ញាត ដើម្បីអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង។ រដ្ឋាភិបាលបានឲ្យដឹងបន្ថែមថា មិនមានអ្នករងរបួស ឬការខូចខាត ដោយសារហេតុការណ៍នោះទេ។
ទីក្រុងប៉េកាំងបានឲ្យដឹងថា នាវា HMAS Toowoomba បានដាក់ពង្រាយឧទ្ធម្ភាគចក្រម្តងហើយម្តងទៀត ដើម្បីធ្វើ «ការឈ្លបយកការណ៍ក្នុងរយៈចម្ងាយដ៏កៀក» ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ប្រទេស។
កាលពីខែតុលាឆ្នាំមុន ការប្រឈមមុខគ្នា នៅលើអាកាស រវាងយន្តហោះចម្បាំង Su-35 របស់កងទ័ពអាកាសចិន និងយន្តហោះចម្បាំង P-8A Poseidon របស់កងទ័ពអាកាសអូស្ត្រាលី បានបង្កឲ្យមានការចោទដាក់គ្នាយ៉ាងក្តៅគគុក ដែលជំរុញឲ្យមានការព្រមានពីប្រទេសចិនទៅកាន់ទីក្រុងកង់បេរ៉ាឲ្យបញ្ឈប់ការបង្កហេតុដោយយន្តហោះ៕
