វិមានក្រឹមឡាំង បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្ដែងការចូលរួមរំលែកទុក្ខជាមួយប្រធានាធិបតីអ៊ីរ៉ង់ ចំពោះការស្លាប់ជនស៊ីវិលយ៉ាងច្រើន ដែលបណ្តាលមកពី «ការឈ្លានពានប្រដាប់អាវុធរបស់អ៊ីស្រាអែល-អាមេរិក លើអ៊ីរ៉ង់» ហើយបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព។

អំឡុងក្នុងការសន្ទនាតាមទូរស័ព្ទ កាលពីយប់ថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) ជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian លោក Putin បានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះការស្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei សមាជិកគ្រួសាររបស់លោក Khamenei មេដឹកនាំនយោបាយ និងយោធាអ៊ីរ៉ង់ និង «ជនស៊ីវិលក្នុងចំនួនដ៏ច្រើន»។
វិមានក្រឹមឡាំង បានឲ្យដឹងថា៖ «លោក Vladimir Putin បានបញ្ជាក់ជាថ្មីនូវជំហរជាគោលការណ៍របស់រុស្ស៊ី ក្នុងការគាំទ្រដល់ការបញ្ឈប់អរិភាពជាបន្ទាន់ បដិសេធការប្រើកម្លាំងជាវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាណាមួយ ជុំវិញបញ្ហាកើតឡើង នៅអ៊ីរ៉ង់ ឬនៅតំបន់មជ្ឈិមបូព៌ា និងការវិលត្រឡប់ទៅរកមាគ៌ានៃការដោះស្រាយការទូតយ៉ាងឆាប់រហ័ស»។
ជាមួយគ្នានេះ លោក Putin បានបញ្ជាក់ថា លោកតែងតែទាក់ទងជាមួយមេដឹកនាំនៃរដ្ឋជាសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រជាប់ជានិច្ច។
វិមានក្រឹមឡាំងបានឲ្យដឹងបន្ថែមថា៖ «លោក Masoud Pezeshkian បានសម្តែងការដឹងគុណ ចំពោះសាមគ្គីភាពរបស់រុស្ស៊ី ជាមួយប្រជាជនអ៊ីរ៉ង់ ខណៈពេលដែលពួកគេការពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសរបស់ពួកគេ។ លោកក៏បានផ្តល់ព័ត៌មានលម្អិតថ្មី អំពីសភាពការណ៍វិវត្តន៍ ក្នុងដំណាក់កាលសកម្មចុងក្រោយនៃជម្លោះនេះ»៕


