ប្រទេសអាស៊ែបៃហ្សង់ បានឲ្យដឹងថា ខ្លួនបានទប់ស្កាត់សកម្មភាពបំផ្លិចបំផ្លាញ «ភេរវកម្ម» ជាច្រើន ដែលរៀបចំដោយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ក្នុងនោះរួមទាំងផែនការវាយប្រហារបំពង់បង្ហូរប្រេងដ៏សំខាន់មួយ ដែលរត់កាត់តំបន់កូកាសខាងត្បូង (South Caucasus) ទៅកាន់ប្រទេសទួរគី។
គោលដៅទាំងនោះ រួមមានបំពង់បង្ហូរប្រេង រវាងទីក្រុងបាគូ ទីប៊ីលីស៊ី (ហ្សកហ្ស៊ី) និងសេហាន (ទួរគី) (BTC) ស្ថានទូតអ៊ីស្រាអែល នៅអាស៊ែបៃហ្សង់ វិហារជ្វីហ្វ Ashkenazi និងមេដឹកនាំសហគមន៍ជ្វីហ្វបុរាណ នៅអាស៊ែបៃហ្សង់ដែលហៅថា ជនជាតិជ្វីហ្វភ្នំ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេវាសន្តិសុខរដ្ឋ ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Azertag កាលពីយប់ថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦)។
ប្រទេសអ៊ីរ៉ង់មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញសេចក្តីថ្លែងការណ៍នេះ។

បំពង់បង្ហូរប្រេង BTC ធ្វើដំណើរឆ្លងកាត់ហ្សកហ្ស៊ី និងតួកគី ហើយបញ្ជូនប្រេងទៅកាន់អឺរ៉ុប ហើយក៏មានចំនួនប្រហែល ១ភាគ៣នៃការនាំចូលប្រេងរបស់អ៊ីស្រាអែលផងដែរ។ ការខូចខាតណាមួយ ចំពោះហេដ្ឋារចនាសម្ព័ន្ធនេះ អាចធ្វើឲ្យតម្លៃថាមពលសកលឡើងកាន់តែខ្ពស់ ខណៈពេលដែលសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ឈានចូលដល់សប្តាហ៍ទី២ ហើយ។
សេចក្តីថ្លែងការណ៍របស់អាស៊ែបៃហ្សង់នេះ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងបាគូ បានប្ដេជ្ញាថា នឹងសងសឹកចំពោះអ្វីដែលខ្លួនប្រាប់ថា ជាការឈ្លានពានរបស់យានដ្រូនអ៊ីរ៉ង់ចំនួន ៤គ្រឿង ចូលទៅក្នុងតំបន់ Nakhchivan ជាហេតុការណ៍ដែលបានបណ្ដាលឲ្យមនុស្ស ៤នាក់រងរបួស និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន។
យ៉ាងណាក្ដី អ៊ីរ៉ង់បានបដិសេធយ៉ាងដាច់អហង្ការថាខ្លួនបានបញ្ជូនយានដ្រូនទាំងនោះចូលទៅក្នុងប្រទេសអាស៊ែបៃហ្សង់ឡើយ៕
