ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃសៅរ៍ (ទី៧ ខែមីនា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ប្រទេសរបស់លោកនឹងមិនព្រមចុះចាញ់ឡើយ ចំពោះអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ខណៈដែលសង្គ្រាមមជ្ឈិមបូព៌ា បានឈានចូលដល់សប្តាហ៍ទី២ ហើយ។
នៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ លោក Pezeshkian បាននិយាយថា សត្រូវរបស់ប្រទេសអ៊ីរ៉ង់ «ត្រូវតែកប់បំណងប្រាថ្នារបស់ពួកគេចោល ប្រសិនបើចង់ឃើញការចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ប្រជាជនអ៊ីរ៉ង់នោះ»។

អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារ លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់សាធារណរដ្ឋឥស្លាម លោក Ali Khamenei និងបង្កឲ្យមានជម្លោះក្នុងតំបន់។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូនទៅលើអ៊ីស្រាអែល និងធនធានរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសក្នុងតំបន់ ជាពិសេសនៅក្នុងបណ្ដារដ្ឋឈូងសមុទ្រ។
លោក Pezeshkian គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិក ៣នាក់នៃក្រុមប្រឹក្សាភាពជាអ្នកដឹកនាំបណ្តោះអាសន្ន ដែលទទួលបន្ទុកគ្រប់គ្រងអ៊ីរ៉ង់ ចាប់តាំងពីមានការសម្លាប់លោក Khamenei។ ក្នុងអំឡុងពេលនៃសុន្ទរកថា លោក Pezeshkian បានសុំទោសដល់ប្រទេសជិតខាង ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ នៅទូទាំងតំបន់ ដោយនិយាយថា ពួកគេនឹងមិនត្រូវបានកំណត់គោលដៅទេ ប្រសិនបើការវាយប្រហារមិនមានប្រភពចេញពីពួកគេ»។
លោកបានលើកឡើងថា៖ «ខ្ញុំត្រូវតែសុំអភ័យទោសក្នុងនាមខ្ញុំផ្ទាល់ខ្លួន និងក្នុងនាមអ៊ីរ៉ង់ ចំពោះប្រទេសជិតខាងដែលត្រូវបានវាយប្រហារដោយអ៊ីរ៉ង់។ ក្រុមប្រឹក្សាថ្នាក់ដឹកនាំបណ្ដោះអាសន្ន បានឯកភាពគ្នាថា នឹងមិនមានការវាយប្រហារបន្ថែមទៀតលើប្រទេសជិតខាងឡើយ ហើយនឹងមិនមានការបាញ់មីស៊ីលឡើយ លុះត្រាតែការវាយប្រហារលើអ៊ីរ៉ង់មិនមានប្រភពចេញពីប្រទេសទាំងនោះ»៕


