នាថ្ងៃសៅរ៍ (ទី៧ ខែមីនា ឆ្នាំ២០២៦) នេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលមានមូលដ្ឋាននៅទីក្រុង Dubai បានឲ្យដឹងថា ខ្លួនបានផ្អាកជើងហោះហើរទាំងអស់ ទាំងទៅ និងមកពីទីក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម រហូតដល់មានការជូនដំណឹងបន្ថែម ដោយសារតែមានសភាពការណ៍វិវត្តន៍ នៅក្នុងតំបន់ជាបន្តបន្ទាប់។
ក្រុមហ៊ុនអាកាសចរណ៍នេះបានណែនាំអ្នកដំណើរកុំឲ្យធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន ហើយបានបញ្ជាក់ថា សុវត្ថិភាពរបស់អ្នកដំណើរ និងក្រុមការងារនៅតែជាអាទិភាពខ្ពស់បំផុតរបស់ខ្លួន។

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្ថែមថា អ្នកដំណើរដែលបានកក់សំបុត្រ រវាងថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី៣១ ខែមីនា អាចកក់ជើងហោះហើរឡើងវិញទៅកាន់គោលដៅដែលពួកគេ បានគ្រោងទុក សម្រាប់ការធ្វើដំណើរនៅថ្ងៃទី៣០ ខែមេសា ឬមុននោះ ឬស្នើសុំការសងប្រាក់ត្រឡប់វិញ។
លើសពីនេះ ចំណុចត្រួតពិនិត្យទីក្រុងទាំងអស់ នៅទូទាំងទីក្រុង Dubai ត្រូវបានបិទជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងបន្ថែម។
គួរបញ្ជាក់ថា អ្នកក្រុង Dubai បានទទួលការជូនដំណឹងតាមទូរស័ព្ទ អំពីការគំរាមកំហែងដោយមីស៊ីលដែលអាចកើតមាន នៅម៉ោងប្រហែល ១០ព្រឹកម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៦ ម៉ោងសកល) នៅថ្ងៃសៅរ៍នេះ៕

