នៅថ្ងៃសៅរ៍ (ទី៧ ខែមីនា ឆ្នាំ២០២៦) នេះ មន្ត្រីបានប្រាប់ឲ្យដឹងថា រុស្ស៊ីបានវាយប្រហារយ៉ាងសន្ធាប់លើអ៊ុយក្រែន ដោយយានដ្រូន និងមីស៊ីល ពេញមួយយប់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ និងបង្កឲ្យមានការព្រមានតាមអាកាសទូទាំងប្រទេស។
សាកសពមនុស្ស ៥នាក់ ត្រូវបានរកឃើញនៅក្នុងគំនរបាក់បែកនៃអគារផ្ទះល្វែងមួយខ្នង នៅភាគខាងកើតតំបន់ Kharkiv ដែលត្រូវបានវាយប្រហារដោយមីស៊ីលបាលីស្ទិក ខណៈដែលមានមនុស្សម្នាក់ស្លាប់នៅតំបន់ Dnipropetrovsk។
ប្រធានរដ្ឋបាលយោធាតំបន់ Kharkiv លោក Oleg Synegubov បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «បន្ទាប់ពីមានការវាយប្រហាររបស់សត្រូវ ផ្នែកមួយនៃអគារលំនៅឋានកម្ពស់ ៥ជាន់ នៅក្នុងតំបន់ Kyivsky របស់ទីក្រុង Kharkiv ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។ ផ្ទះនៅក្បែរនោះក៏រងខូចខាតផងដែរ»។

អភិបាលតំបន់ Kharkiv លោក Igor Terekhov បាននិយាយថា មនុស្ស ៥នាក់ បានបាត់បង់ជីវិត និង ១០នាក់រងរបួស ក្នុងនោះរួមទាំងក្មេងប្រុស ២នាក់ អាយុ ៦ឆ្នាំ និង ១១ឆ្នាំ ព្រមទាំងក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់ដែរ។
នៅទីក្រុង Dnipropetrovsk ប្រធានរដ្ឋបាលតំបន់ លោក Oleksandr Ganzha បាននិយាយថា មនុស្សម្នាក់ត្រូវបានសម្លាប់ ហើយម្នាក់ទៀតរងរបួស អំឡុងការវាយប្រហាររបស់រុស្ស៊ី នៅក្នុងតំបន់ Nikopol។ លោក Ganzha បាននិយាយថា កងទ័ពរុស្ស៊ីបានកំណត់គោលដៅតំបន់នោះប្រហែល ២០ដង ដោយប្រើយានដ្រូន កាំភ្លើងធំ និងរ៉ូកែត។
បើយោងតាមប្រធានរដ្ឋបាលតំបន់ លោក Ivan Fedorov បានឲ្យដឹងថា នៅទីក្រុង Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី បានធ្វើឲ្យទារកម្នាក់រងរបួស។ ការជូនដំណឹងអំពីការវាយប្រហារតាមអាកាស ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលយប់ នៅទូទាំងប្រទេសអ៊ុយក្រែន ដោយសារតែការវាយឆ្មក់របស់រុស្ស៊ី៕


