នាយករដ្ឋមន្រ្តីអ៊ីស្រាអែលោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍មួយដល់សាធារណជនកាលពីថ្ងៃសៅរ៍ ស្របពេលដែលវិបត្តិរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក-អ៊ីស្រាអែល បានឈានចូលដល់សប្តាហ៍ទី ២ ។
លោក Netanyahu ថ្លែងទៅកាន់ប្រជាជនអ៊ីរ៉ង់ និងនិយាយដោយផ្ទាល់ទៅកាន់ប្រតិបត្តិករឆ្មាំបដិវត្តន៍ ដោយលោកនិយាយប្រាប់ពួកគេថា ពួកគេនឹងមិនគ្រោះថ្នាក់នោះទេ បើសិនជាពួកគេទម្លាក់អាវុធចុះ ។
លោកបន្តថា ប្រទេសជាច្រើនដែលបានរងគ្រោះដោយសារឈ្លានពានពីអ៊ីរ៉ង់ បានទាក់ទងមកពួកយើង ហើយអ៊ីស្រាអែលឈរខាងពួកគេ ។

លោក Netanyahu បញ្ជាក់ថា ជោគជ័យរបស់ពួកយើង មិនត្រឹមតែធ្វើឲ្យលែងមានការកំរាមកំហែងនុយក្លេអ៊ែរដល់ពិភពលោក និងសន្តិភាពរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ប៉ុណ្ណោះទេ តែវានឹងនាំមកនូវការពង្រីកវដ្តសន្តិភាពជុំវិញពួកយើងផងដែរ ។
លោកថា ថ្ងៃនេះអ្នករាល់គ្នាដឹងថា របបរបស់លោក Ayatollahs ធ្វើឲ្យគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ៊ីរ៉ង់ បានវាយប្រហារប្រទេសចំនួន ១២ជុំវិញពួកយើង ។ ពួកយើងឈរខាងពួកគេ ។
គួរឲ្យដឹងថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារ លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់សាធារណរដ្ឋអ៊ិស្លាម លោក Ali Khamenei និងបង្កឲ្យមានជម្លោះក្នុងតំបន់ ៕
