រូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃសៅរ៍ឃើញ ដងផ្លូវ និងអគាររងការបំផ្លិចបំផ្លាញ ជាមួយរណ្តៅដ៏ធំមួយនៅទីក្រុងភាគខាងកើត Nabi Chit របស់លីបង់ ។
ក្រសួងសុខាភិបាលលីបង់និយាយថា មនុស្សយ៉ាងហោច ១៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសទាំងយប់របស់អ៊ីស្រាអែលលើទីក្រុង Nabi Chit ។

សារព័ត៌មានរដ្ឋលីបង់ និងអ្នកស្រុកនិយាយថា កាលពីយប់កន្លងទៅ ឧទ្ធម្ភាគចក្រអ៊ីស្រាអែល បានទម្លាក់ទាហាននៅជិតទីក្រុង Nabi Chit ស្ថិតនៅតំបន់ជ្រលងភ្នំ Bekaa របស់លីបង់ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកស្រុក និងយុទ្ធជនក្រុមហេសបូឡា បានបាញ់ប្រហារលើទាហានទាំងនោះ ពេលពួកគេបំលាស់ទីដោយថ្មើរជើង ។
សារព័ត៌មានរដ្ឋ និងអ្នកស្រុកនិយាយទៀតថា ទាហានអ៊ីស្រាអែលបានដកទៅវិញ ហើយចាកចេញដោយឧទ្ធម្ភាគចក្រ ពេលដែលអ៊ីស្រាអែលវាយប្រហារទីក្រុង Nabi Chit និងទីក្រុងក្បែរនោះ ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ ក្រុមហេសបូឡានិយាយថា ពួកគេបានបាញ់ប្រហារទាហានអ៊ីស្រាអែលដែលត្រូវបានទម្លាក់ចុះពីលើឧទ្ធម្ភាគចក្រ ៤គ្រឿង នៅជិតទីក្រុង Nabi Chit ។ ពួកគេបញ្ជាក់ថា ទាហានអ៊ីស្រាអែលទាំងនោះ បានដកចេញទៅវិញអស់ហើយ ៕
