បាល់ទាត់៖ ក្រុមជើងឯកទ្វីបអឺរ៉ុបអ៊ីតាលីនឹងអវត្តមានពីការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅកាតាឆ្នាំនេះក្រោយចាញ់ម៉ាសេដ្វាន់ខាងជើង ១-០ ក្នុងទឹកដីរបស់ខ្លួនការប្រកួតវគ្គ Play-Off ពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ម៉ាសេដ្វាន់ខាងជើងដែលមានចំណាត់ថ្នាក់ពិភពលោកលេខ ៦៧ ខ្សែប្រយុទ្ធក្លិប Al-Fayha នៅអារ៉ាប៊ីសាអ៊ូឌីត Aleksandra Trajkovski គឺជាអ្នកស៊ុតសំរេចគ្រាប់បាល់ជ័យជំនះឱ្យម៉ាសេដ្វាន់ខាងជើង យកឈ្នះអ៊ីតាលីនៅទីក្រុង Palermo។ បរាជ័យនេះមានន័យថា ជើងឯកពិភពលោក ៤សម័យអ៊ីតាលីនឹងខកខានមិនបានលេង World Cup ពីរព្រឹត្តិការណ៍ជាប់គ្នាបន្ទាប់ពីអាក់ខាននៅ World Cup 2018 នៅរុស្ស៊ី។ ចំណែកឯព័រទុយហ្កាល់ដែលគេរំពឹងថា នឹងជួបអ៊ីតាលីនោះបានយកឈ្នះទួរគី ៣-១។ បីគ្រាប់ក្នុងវគ្គទី១ ដោយ Otavio និង Diogo Jota ធ្វើឱ្យក្រុមម្ចាស់ផ្ទះព័រទុយហ្កាល់នាំមុខក្នុងវគ្គទីមួយ ២-០ ទៅហើយ។

ចូលវគ្គទី២ ទួរគីតបបានមួយគ្រាប់វិញដោយ Burak Yilmaz នៅនាទីទី៦៥ និងមានឱកាសបាល់ ១១ម៉ែត្រមួយគ្រាប់ទៀតតែធ្វើមិនបានសំរេច។ Matheus Nunes គឺជាអ្នកស៊ុតគ្រាប់បង្ហើយឱ្យព័រទុយហ្កាល់នៅនាទីទី៩០+៤ យកឈ្នះទួរគី ៣-១។ ជ័យជំនះនេះព័រទុយហ្កាល់នឹងឡើងវគ្គផ្តាច់ព្រ័ត្រ Play-Off ជួបជាមួយម៉ាសេដ្វាន់ខាងជើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយដើម្បីកៅអី World Cup 2022 នៅកាតា៕
អត្ថបទ៖នាង សុភាវុធ