ប្រមុខការទូតរបស់ប្រទេសចិន បាននិយាយនៅថ្ងៃអាទិត្យ (៨ មីនា) នេះថា កិច្ចសន្ទនារវាងសហរដ្ឋអាមេរិក និងចិន គឺមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការគណនាខុសណាមួយ ដែលអាចបង្កការខូចខាតដល់ពិភពលោក នៅមុនពេលជំនួបកំពូលដែលគ្រប់មជ្ឈដ្ឋានទន្ទឹងរង់ចាំយ៉ាងខ្លាំងនៅចុងខែមីនានេះ រវាងមេដឹកនាំចិន លោក ស៊ី ជីនពីង និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ការខកខានក្នុងការប្រាស្រ័យទាក់ទងរវាងប្រទេសទាំងពីរ នឹងនាំឱ្យមានការយល់ច្រឡំ និងការវាយតម្លៃខុស ដែលឈានទៅរកការប្រឈមមុខដាក់គ្នា និងធ្វើឱ្យប៉ះពាល់ដល់ពិភពលោក»។

លោក វ៉ាង បន្ថែមថា៖ «របៀបវារៈសម្រាប់ការផ្លាស់ប្តូរមតិកម្រិតខ្ពស់ (ជាមួយសហរដ្ឋអាមេរិក) គឺរួចរាល់ហើយ អ្វីដែលចាំបាច់ គឺភាគីទាំងពីរត្រូវត្រៀមលក្ខណៈឱ្យបានហ្មត់ចត់ ដើម្បីបង្កើតបរិយាកាសអំណោយផលដើម្បីគ្រប់គ្រងការខ្វែងគំនិតគ្នា» ប៉ុន្តែលោកមិនលម្អិតនោះឡើយ។ មន្ត្រីសេតវិមានមួយរូបបានបញ្ជាក់ថា លោក ត្រាំ នឹងទៅទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា៕
ស្របពេលប្រធានាធិបតីអាមេរិក កំពុងផ្តោតលើសង្រ្គាមដែលលោក និងអ៊ីស្រាអែលបានចាប់ផ្ដើម ប្រឆាំងនឹងអ៊ីរ៉ង់ ក្រុមអ្នកវិភាគកំពុងតាមដានមើលថា តើដំណើរទស្សនកិច្ចរបស់លោក ដើម្បីជួបលោក ស៊ី នឹងប្រព្រឹត្តទៅដែរឬទេ។ ពាក់ព័ន្ធនឹងបញ្ហាអ៊ីរ៉ង់ លោក វ៉ាង បានជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធា ដោយលើកឡើងថា សង្រ្គាមនេះមិនគួរកើតឡើងឡើយ ហើយការប្រើប្រាស់កម្លាំងបាយ មិនមែនជាមធ្យោបាយដោះស្រាយបញ្ហានោះទេ៕

