នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ និងផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្ត បទបញ្ញត្តិនានាពាក់ព័ន្ធការការពារ ថែរក្សា គ្រប់គ្រង និងអភិរក្សដែនព្រៃលិចទឹក និងដីតំបន់៣នៃបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្រ្តភូមិគោកត្របែក ស្រុកតំាងគោក ខេត្តកំពង់ធំ។

នាឱកាសនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, សម្ដេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ទោះបងប្អូននៅតំបន់ដាច់ស្រយាលក៏មានមន្រ្តីចុះទៅដល់ ដើម្បីដឹងពីសុខទុក្ខ និងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តតាមច្បាប់ពាក់ព័ន្ធនឹងដីធ្លី ដោយកុំនាំគ្នារំលោភបំពានលើដីតំបន់៣ ដែលច្បាប់ហាមឃាត់ នាំមានទោសទណ្ឌដល់ខ្លួនផងដែរ និងប្រជានេសាទទាំងអស់អនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញឱ្យបានត្រឹមត្រូវចំពោះការនេសាទ និងកុំប្រើឧបករណ៍ណាដែលច្បាប់ហាមឃាត់ និងអនុវត្តទៅតាមការអប់រំណែនាំរបស់មន្ត្រីជំនាញស្ដីពីជលផល។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោក ដែលតែងចូលរួមសហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល ក្នុងការចុះបង្ក្រាបនូវរាល់សកម្មភាព បទល្មើសនេសាទ នាពេលកន្លងមក និងពេលបច្ចុប្បន្ននេះ។

ជាចុងក្រោយឯកឧត្តម អភិបាលខេត្តជំរុញដល់បងប្អូនប្រជាកសិករទាំងអស់ឱ្យចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធឱ្យបានត្រឹមត្រូវ កុំរុករៀនទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងនៅក្នុងមូលដ្ឋានពាក់ព័ន្ធនឹងការឈូសឆាយដីរដ្ឋនេះ សូមរាយការណ៍មកអាជ្ញាធរជាបន្ទាន់ ដើម្បីឱ្យជំនាញចុះទៅទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕




