លោក Ayatollah Mohammadmehdi Mirbaqeri សមាជិកក្រុមប្រឹក្សាអ្នកជំនាញជាន់ខ្ពស់ ដែលមានភារកិច្ចជ្រើសរើសមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យ (៨ មីនា) នេះថា ស្ថាប័នសាសនាមួយនេះ ជិតរកឃើញអ្នកដែលបន្តតំណែងពីលោក Ayatollah Ali Khamenei ដែលត្រូវបានធ្វើឃាតក្នុងការវាយប្រហារកាលពីសប្ដាហ៍មុន និងស្ទើរតែសម្រេចបាននូវការឯកភាពភាគច្រើនហើយ ខណៈបង្ហើបបែបប្រយោលថា មេដឹកនាំកំពូលថ្មីប្រហែលជាកូនប្រុសរបស់លោក Khamenei។
ភ្នាក់ងារសារព័ត៌មាន Mehr បានដកស្រង់សម្តីរបស់លោក Mirbaqeri ដែលបានលើកឡើងថា «ឧបសគ្គមួយចំនួន» នៅតែត្រូវការដោះស្រាយ ពាក់ព័ន្ធនឹងដំណើរការនេះ។ កាលពីថ្ងៃសៅរ៍កន្លងទៅ បព្វជិតជាន់ខ្ពស់មួយរូបនៅក្នុងក្រុមប្រឹក្សាអ្នកជំនាញនេះ បាននិយាយថា សមាជិករបស់ខ្លួននឹងជួបប្រជុំគ្នា «ក្នុងរយៈពេលមួយថ្ងៃ» ដើម្បីជ្រើសរើសមេដឹកនាំកំពូលថ្មី។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ និយាយថា ក្រុមនេះមានការខ្វែងគំនិតគ្នាបន្តិចបន្តួចលើបញ្ហាដែលថា តើការសម្រេចចិត្តចុងក្រោយរបស់ពួកគេត្រូវតែធ្វើឡើងតាមរយៈការជួបប្រជុំគ្នាដោយផ្ទាល់ ឬអាចប្រកាសចេញដោយមិនចាំបាច់អនុវត្តតាមទម្រង់ផ្លូវការនេះ។
លោក Ayatollah Mohsen Heidari Alekasir ដែលជាសមាជិកម្នាក់ទៀតនៃក្រុមប្រឹក្សានេះ បាននិយាយថា ជំនួបទល់មុខគ្នាដោយក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោតចុងក្រោយ គឺមិនអាចធ្វើទៅបានទេក្រោមស្ថានភាពបច្ចុប្បន្ន។ លោកបន្តថា បេក្ខជនមួយរូបត្រូវបានជ្រើសរើសរួចទៅហើយ ដោយផ្អែកលើដំបូន្មានរបស់អតីតមេដឹកនាំកំពូលដែលថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គួរតែជាបុគ្គលដែល «សត្រូវស្អប់» មិនមែនជាអ្នកទទួលបានការសរសើរពីសត្រូវនោះឡើយ។
លោក Alekasir បាននិយាយអំពីអ្នកស្នងតំណែងដែលត្រូវបានជ្រើសរើសនោះថា៖ «សូម្បីតែសហរដ្ឋអាមេរិក ក៏បានបញ្ចេញឈ្មោះរបស់បេក្ខភាពមេដឹកនាំកំពូលថ្មីរូបនេះដែរ»។ គួរឱ្យដឹងថា ប៉ុន្មានថ្ងៃមុន លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា កូនប្រុសរបស់លោក Khamenei ឈ្មោះលោក Mojtaba គឺជាជម្រើសមួយដែលលោក «មិនអាចទទួលយកបាន» នោះឡើយ៕

