នគរបាលនៅរដ្ឋភាគខាងជើង Northern Territory នៃប្រទេសអូស្ត្រាលី បានព្រមានអំពី «វត្តមានសត្វក្រពើនៅគ្រប់ទីកន្លែង» នៅថ្ងៃអាទិត្យ (៨ មីនា) នេះ បន្ទាប់ពីទឹកជំនន់យ៉ាងធ្ងន់ធ្ងរបានវាយប្រហារនៅតំបន់នោះ ហើយបាននិយាយថា អាជ្ញាធរបានជម្លៀសមនុស្សជាង ១ពាន់នាក់នៅទូទាំងរដ្ឋ ទៅកាន់ទីជម្រកសុវត្ថិភាព បន្ទាប់ពីមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។
រដ្ឋនេះបានជួបប្រទះភ្លៀងធ្លាក់យ៉ាងខ្លាំងពេញមួយចុងសប្តាហ៍ ដោយក្នុងនោះទីក្រុង Katherine បានមើលឃើញគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ១៩៩៨ មក។ នគរបាលបានជម្លៀសមនុស្សជាង ១ពាន់នាក់ នៅទូទាំងដែនដីនេះកាលពីថ្ងៃសៅរ៍កន្លងទៅ ដោយប្រើឧទ្ធម្ភាគចក្រ និងយន្តហោះដើម្បីទៅកាន់សហគមន៍ដាច់ស្រយាល។

លោក Shaun Gill មន្រ្តីនគរបាលជាន់ខ្ពស់ក្នុងតំបន់ បានប្រាប់អ្នកសារព័ត៌មានថា៖ «គ្រោះទឹកជំនន់នេះធ្ងន់ធ្ងរខ្លាំងណាស់»។ លោកបន្តថា យ៉ាងហោចណាស់មានផ្ទះសម្បែងចំនួន ៩០ ខ្នង ពុំមានអគ្គិសនីប្រើប្រាស់នោះទេ ហើយបានព្រមានអ្នកស្រុកកុំឱ្យចុះហែលទឹកលេងឱ្យសោះ ព្រោះ «មានសត្វក្រពើនៅគ្រប់ទីកន្លែងទាំងអស់»។
អភិបាលរដ្ឋ Northern Territory បាននិយាយថា សាលារៀនមួយចំនួននឹងនៅតែបន្តបិទទ្វាររហូតដល់ថ្ងៃចន្ទ ស្អែកនេះ ដោយសារតែទឹកជំនន់។ សត្វក្រពើទឹកប្រៃ និងទឹកសាបជាង ១០ម៉ឺនក្បាល ត្រូវបានគេប៉ាន់ប្រមាណថា កំពុងរស់នៅពាសពេញភាគខាងជើងនៃប្រទេសអូស្ត្រាលី។ ដែនដីភាគខាងជើងដ៏ធំល្វឹងល្វើយនេះ គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានប្រជាជនរស់នៅតិចតួចបំផុតរបស់ប្រទេសនេះ ហើយតែងតែរងគ្រោះដោយសារអាកាសធាតុធ្ងន់ធ្ងរជាញឹកញាប់៕

