រដ្ឋាភិបាលប្រចាំរដ្ឋ Katsina របស់នីហ្សេរីយ៉ា បាននិយាយកាលពីថ្ងៃសៅរ៍ (៧ មីនា) ថា កងទ័ពនីហ្សេរីយ៉ា បានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ៤៥ នាក់ នៅក្នុងតំបន់ភាគពាយព្យនៃប្រទេស។
លោក Nasir Mua’zu ស្នងការរដ្ឋទទួលបន្ទុកសន្តិសុខផ្ទៃក្នុង និងកិច្ចការក្នុងស្រុក បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ះទង្គិចរវាងកងទ័ព និងក្រុមខ្មាន់កាំភ្លើងទាំងនោះ បានកើតឡើងកាលពីថ្ងៃសុក្រកន្លងទៅ នៅក្នុងតំបន់ Danmusa នៃរដ្ឋ Katsina។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីមានការព្យាយាមមិនបានសម្រេចរបស់ក្រុមខ្មាន់កាំភ្លើង ក្នុងការលួចសត្វពាហនៈរបស់អ្នកស្រុក កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

គួរឱ្យដឹងថា នីហ្សេរីយ៉ាកំពុងប្រឈមមុខនឹងវិបត្តិសន្តិសុខដ៏ស្មុគស្មាញបំផុតពីសំណាក់ក្រុមប្រដាប់អាវុធផ្សេងៗគ្នា ជាពិសេសនៅភាគខាងជើងនៃប្រទេស។ សហរដ្ឋអាមេរិក បានបញ្ជូនកងទ័ពទៅកាន់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ ដើម្បីជួយផ្តល់ប្រឹក្សាដល់កងទ័ពរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងអសន្តិសុខ។
ក្នុងចំណោមក្រុមសកម្មប្រយុទ្ធអ៊ិស្លាមនិយមដែលលេចធ្លោជាងគេ រួមមានក្រុម Boko Haram និងក្រុមផ្ដាច់ខ្លួនផ្សេងទៀតដែលមានសម្ព័ន្ធភាពជាមួយក្រុមរដ្ឋអ៊ិស្លាម (ISIS) និងត្រូវបានគេស្គាល់ថាជា «រដ្ឋអ៊ិស្លាមខេត្តអាហ្វ្រិកខាងលិច» (ISWAP)។ ក្រៅពីនេះ ក៏មានក្រុម Lakurawa ដែលមានទំនាក់ទំនងជាមួយ ISIS ក៏ដូចជាក្រុម «ចោរប្លន់» ផ្សេងទៀត ដែលជំនាញខាងចាប់ជំរិតទារប្រាក់ និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ផងដែរ៕
