ក្រុមបព្វជិតកាន់អំណាចរបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ៨មីនា បានតែងតាំងកូនប្រុសរបស់មេដឹកនាំដែលត្រូវបានសម្លាប់គឺលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មីរបស់ប្រទេសនេះ នៅចំពោះមុខការគំរាមកំហែងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងរូបលោក។

ប្រាំបួនថ្ងៃបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល បានសម្លាប់លោក Ali Khamenei និងបានធ្វើឱ្យមជ្ឈិមបូព៌ាធ្លាក់ចូលក្នុងសង្គ្រាម សភាអ្នកជំនាញរបស់រដ្ឋាភិបាលបព្វជិតបានកោះប្រជុំដើម្បីជ្រើសរើសមេដឹកនាំបន្ទាប់របស់ពួកគេ។

ស្ថាប័នបព្វជិតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Mojtaba Khamenei វ័យ៥៦ ឆ្នាំ ត្រូវបានតែងតាំង និងណែនាំជាមេដឹកនាំទីបីនៃប្រព័ន្ធពិសិដ្ឋរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដោយផ្អែកលើការបោះឆ្នោតសម្រេចរបស់ក្រុមអ្នកតំណាងដ៏គួរឱ្យគោរពនៃសភាអ្នកជំនាញ ។

ស្ថាប័ននេះបាននិយាយថា ស្ថាប័នបព្វជិត មិនស្ទាក់ស្ទើរសូម្បីតែមួយនាទីក្នុងការជ្រើសរើសមេដឹកនាំថ្មីឡើយ ទោះបីជា ការឈ្លានពានយ៉ាងសាហាវពីអាមេរិក និងរបបជ្វីហ្វក៏ដោយ។
លោក Mojtaba ជាបព្វជិតជាន់ខ្ពស់មួយរូបដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ (IRGC) ត្រូវបានមើលឃើញជាយូរមកហើយពីស្ថាប័នកាន់អំណាចរបស់អ៊ីរ៉ង់ថាជាអ្នកស្នងតំណែងដ៏មានសក្តានុពីឪពុករបស់លោក ដែលត្រូវបានសម្លាប់បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់។
ប្រធានាធិបតីអាមេរិក លោក Donald Trump ធ្លាប់បានបដិសេធដោយលើកឡើងថា លោក Mojtaba Khamenei នៅក្មេង និងជាមនុស្សគីឡូស្រាល ហើយបានទទូចម្តងទៀតកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក គួរតែមានសិទ្ធិនិយាយនៅក្នុងការតែងតាំងមេដឹកនាំថ្មី៕