ក្រុមហេសបូឡា នៅថ្ងៃចន្ទ ទី៩ ខែមីនានេះ បាននិយាយថា ខ្លួនកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែល ដែលបានចុះចតនៅភាគខាងកើតប្រទេសលីបង់ដោយឧទ្ធម្ភាគចក្រឆ្លងកាត់ព្រំដែនប្រទេសស៊ីរី ក្នុងពេលមានសង្គ្រាមថ្មីរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមនៅប្រទេសលីបង់បាននិយាយថាខ្លួនបានឃើញ «ការជ្រៀតចូលនៃឧទ្ធម្ភាគចក្រសត្រូវអ៊ីស្រាអែលប្រហែល១៥គ្រឿង» ពីខាងប្រទេសស៊ីរីនៅព្រំដែនភាគខាងកើតប្រទេសលីបង់។

ក្រុមនេះបាននិយាយថាយន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារឧទ្ធម្ភាគចក្រនិងកងកម្លាំងជ្រៀតចូលដោយប្រើប្រាស់អាវុធដ៏សមស្រប ហើយការប្រឈមមុខដាក់គ្នា កំពុងនៅបន្ត។
ប្រជាជនរាប់ម៉ឺននាក់នៅក្នុងទីក្រុងបេរូត រដ្ឋធានីប្រទេសលីបង់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ចាប់តាំងពីកងទ័ពអ៊ីស្រាអែលបានចេញបញ្ជាមិនធ្លាប់មានពីមុនមកសម្រាប់ប្រជាជននៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ឱ្យជម្លៀសចេញជាបន្ទាន់។

យោធាអ៊ីស្រាអែល ក៏បានព្រមានប្រជាជនកុំឱ្យធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសលីបង់ ដោយនិយាយថា ការធ្វើដំណើរណាមួយក្នុងទិសដៅនោះអាចធ្វើឱ្យជីវិតរបស់ពួកគេជួបគ្រោះថ្នាក់ ហើយពួកគេនឹងត្រូវបានផ្តល់ព័ត៌មាននៅពេលដែលមានសុវត្ថិភាពក្នុងការវិលត្រឡប់ទៅលំនៅឋានវិញ។ អង្គការ UNHCR ជាទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានប្រកាសពីស្ថានភាពនៅក្នុងប្រទេសលីបង់ ថា ជាគ្រាអាសន្នមនុស្សធម៌ដ៏ធំ។