កីឡាករប្រណាំងរថយន្តអង់គ្លេស George Russell បានប្រជែងឈ្នះការប្រណាំង F1 ប្រកួតដំបូងរដូវកាលថ្មីនៅ លើទឹកដីអូស្រ្តាលី ខណៈក្រុមប្រណាំង Mercedes ធ្វើបានល្អឥតខ្ចោះប្រកួតដំបូងនេះ។
កីឡាករអង់គ្លេសរូបនេះ បានយកឈ្នះការប្រណាំងយកទីចេញដំណើរ Pole Position កាលពីថ្ងៃសៅរ៍ តែការចេញដំណើរជាក់ស្តែងថ្ងៃប្រកួត Grand Prix កីឡាកររបស់ Ferrari, Charles Leclerc បានឆក់យកការនាំមុខ។
Russell និង Leclerc មានការប្រកួតប្រជែងគ្នាខ្លាំងនៅ ១០ ជុំដំបូង មុនពេល Ferrari សម្រេចចិត្តឱ្យ Leclerc មិនចូល Pit Stop នៅពេលមាន Virtual Safety Car (VSC) ហើយការសម្រេចចិត្តបែបនេះហើយដែលធ្វើឱ្យពួកគេបាត់បង់ការប្រជែងជាមួយ Russell។
George Russell បានរក្សាការនាំមុខរបស់ខ្លួនដាច់រហូតមកដល់ទីព្រ័ត្រ និងតាមពីក្រោយដោយមិត្តរួមជាក្រុម Kimi Antonolli ដែលជាការចាប់ផ្តើមរដូវកាលដ៏ល្អឥតខ្ចោះសម្រាប់ Mercedes។
កីឡាករម៉ូណាកូ Charles Leclerc បានត្រឹមខកចិត្តដោយមកដល់ទីព្រ័ត្រនៅចំនាត់ថ្នាក់លេខ ៣ តាមពីក្រោយដោយមិត្តរួមក្រុម Lewis Hamilton លេខ ៤។
អ្នកការពារតំណែងជើងឯក Lando Norris បានបញ្ចប់ការប្រកួតនៅចំនាត់ថ្នាក់លេខ ៥ ទប់ទល់ការវាយបករបស់ Max Verstappen ដែលបញ្ចប់លេខ ៦។
នៅក្នុងប្រកួតដំបូងនេះដែរ កីឡាករអង់គ្លេសវ័យទើបតែ ១៨ ឆ្នាំ Arvid Lindblad បានក្លាយជាកីឡាករប្រណាំង F1 វ័យក្មេងបំផុតរបស់អង់គ្លេសដែលចាប់ផ្តើមអាជីព F1 ដំបូងទទួលបានចំណាត់ថ្នាក់លេខ ៨ នៅពីក្រោយមិត្តរួមជាតិ Oliver Bearman ដែលបានលេខ ៧។
បន្ទាប់ពីទឹកដីអូស្រ្តាលីនេះ F1 នឹងបន្តដំណើរទីក្រុងសៀងហៃប្រទេសចិនចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ


