ស៊ីហ្គេម៖ លោកវេជ្ជបណ្ឌិត Nguyen Van Phu ប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងប្រឆាំងសារធាតុញៀននៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ បាននិយាយថា ខ្លួនរំពឹងនឹងយកគំរូសារធាតុញៀនប្រមាណ ១,១០០សំណាកដើម្បីធានាតម្លាភាពក្នុងការប្រកួតប្រជែង ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់នេះដែលនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខ។
លោកថា នេះគឺជាចំនួនធម្មតាដែលការប្រកួត និងព្រឹត្តិការណ៍កីឡាបានកំណត់ ពិសេសការប្រកួតស៊ីហ្គេមលើកទី៣១ នាពេលឆាប់ៗខាងមុខ វៀតណាមនឹងយកសំណាកឈាម ១០% ហើយក្រៅពីនេះនឹងយកសំណាកទឹកនោម។ ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍នេះ គណៈកម្មការមានផែនការលម្អិតក្នុងនោះមានលក្ខខណ្ឌនៃការយកគំរូ និងតេស្តសារធាតុញៀន ដើម្បីធានាតម្លាភាពបំផុតក្នុងការប្រកួតប្រជែងផងដែរ។ លោក Nguyen Van Phu បានបង្ហាញនូវសុទិដ្ឋិនិយមថា ចំនួនគំរូអតិបរមាដែលនឹងយកសំណាកអត្តពលិកទាំងអស់គឺប្រហែល ១,១០០សំណាក។ យ៉ាងណាក៏ដោយតួលេខជាក់លាក់មិនទាន់កំណត់ទេ ពីព្រោះត្រូវរង់ចាំរហូតជិតដល់ពេលដែលស៊ីហ្គេមមកដល់ ហើយតួលេខជាក់លាក់គឺមានតែអំឡុងពេលព្រឹត្តិការណ៍នេះទេ ដោយអាស្រ័យលើការចុះបញ្ជីផ្លូវការរបស់អត្តពលិក និងកត្តាផ្សេងៗទៀត។ យោងតាមបទប្បញ្ញត្តិមុនការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ប្រទេសនីមួយៗត្រូវយកគំរូតេស្តសារធាតុញៀនសម្រាប់អត្តពលិកតាមចំនួនកំណត់។ នៅពេលដែលគណៈប្រតិភូកីឡាមកដល់ប្រទេសវៀតណាម សៀវភៅណែនាំស្តីពីការប្រឆាំងសារធាតុញៀននឹងត្រូវបានផ្តល់ជូន ដើម្បីឲ្យសមាជិកនីមួយៗនៃបណ្ដាប្រទេសទទួលបានព័ត៌មានពេញលេញ ទាក់ទងនឹងការប្រឆាំងសារធាតុញៀន។
អ្នកជំនាញដដែលបន្ថែមថា ជាធម្មតាចំនួនសំណាកដែលត្រូវយកមកធ្វើតេស្ត មុនការប្រកួតស៊ីហ្គេមមានចំនួនពី ១០ ទៅ ១៥% ដោយផ្អែកលើចំនួនអត្តពលិកដែលបានចុះឈ្មោះ ចូលរួមប្រកួតក្នុងប្រភេទកីឡានីមួយ។ ការងារយកសំណាកនេះត្រូវត្រួតពិនិត្យដោយតំណាងសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងសមាជិកគណៈកម្មាធិការរៀបចំការប្រកួត ដើម្បីឲ្យមានភាពយុត្តិធម៌ និងសុវត្ថិភាពបំផុត។ លទ្ធផលនៃសំណាកការធ្វើតេស្តនឹងទទួលបានក្នុងរយៈពេល ២ទៅ ៣ថ្ងៃបន្ទាប់ពីត្រូវបានធ្វើតេស្តដោយមន្ទីរពិសោធន៍។ គួរបញ្ជាក់ថា ស៊ីហ្គេមលើកទី៣១ នៅវៀតណាមគ្រោងនឹងចាប់ផ្ដើមការប្រកួតនាខែឧសភាខាងមុខ ដោយមានអត្តពលិកជាង ៧ពាន់នាក់ចូលរួម និងត្រូវធ្វើការប្រកួតលើ ៤០ប្រភេទកីឡាស្មើនឹង ៥២៦វិញ្ញាសា ក្នុងនោះក៏មានប្រតិភូ និងអត្តពលិកកម្ពុជាចូលរួមសរុបប្រមាណ ៥០០នាក់លើ ៣៣ប្រភេទកីឡាផងដែរ៕
អត្ថបទ៖ លី ឈុនឡា