រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright បាននិយាយកាលពីថ្ងៃអាទិត្យ ទី៨ ខែមីនា ថា សហរដ្ឋអាមេរិកនឹងបញ្ចៀសហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ខណៈខ្លួនកំពុងធ្វើសង្គ្រាមរួមជាមួយអ៊ីស្រាអែលប្រឆាំងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ ដោយតម្លៃប្រេងហក់ឡើងខ្លាំង លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា ការរំខានដល់ឧស្សាហកម្មប្រេងនិងឧស្ម័ន នឹងមានរយៈពេលខ្លីប៉ុណ្ណោះ ជា «ករណីអាក្រក់បំផុត មានរយៈពេល ពីរ ឬបីសប្តាហ៍ មិនរហូតដល់រាប់ខែទេ»។

អ៊ីស្រាអែល បានវាយប្រហារទីតាំងស្តុកប្រេងនៅក្នុង និងជុំវិញទីក្រុងតេអេរ៉ង់ បង្កឱ្យមានអគ្គិភ័យដ៏ធំក្នុងការវាយប្រហារបែបនេះជាលើកដំបូងដែលត្រូវបានរាយការណ៍ចាប់តាំងពីសង្គ្រាមចាប់ផ្តើមកាលពីចុងសប្តាហ៍មុន។ លោក Wright ទំនងជាបាននិយាយសម្រាលពីរឿងនេះ។
លោក Wright បាននិយាយថា «សហរដ្ឋអាមេរិក មិនកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលទេ។ ពុំមានផែនការដើម្បីកំណត់គោលដៅឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ឧស្សាហកម្មឧស្ម័នធម្មជាតិរបស់ប្រទេសនេះ ឬអ្វីៗអំពីឧស្សាហកម្មថាមពលរបស់ពួកគេទេ»។ សង្គ្រាមនេះ បានបិទច្រកសមុទ្រ Hormuz ស្ទើរតែទាំងស្រុង ដែលតាមរយៈនេះ ប្រេងឆៅជិត២០ភាគរយរបស់ពិភពលោក និងឧស្ម័នធម្មជាតិរាវប្រហែល២០ភាគរយជាធម្មតាឆ្លងកាត់ច្រកសមុទ្រ Hormuz ។
ក្រុមហ៊ុនធានារ៉ាប់រង AAA របស់សហរដ្ឋអាមេរិក បាននិយាយថា តម្លៃប្រេងសាំងនៅស្ថានីយប្រេងរបស់សហរដ្ឋអាមេរិកបានកើនឡើង១៦ភាគរយ និងប្រេងម៉ាស៊ូតកើនឡើង២២ភាគរយ។ គេហទំព័រ GasBuddy និយាយថា ប្រេងម៉ាស៊ូត ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការដឹកជញ្ជូនទំនិញ មិនធ្លាប់មានតម្លៃថ្លៃបែបនេះទេចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៣។

