កីឡាករវាយកូនបាល់លេខ ២ ពិភពលោក Jannik Sinner បានបន្តដំនើរឡើងវគ្គ ៨ នាក់ចុងក្រោយនៃព្រឹត្តិការណ៍ Indian Wells នៃក្របខណ្ឌ ATP 1000 លើទឹកដីអាមេរិក ក្រោយយកឈ្នះកីឡាករកាណាដា Denis Shapovalov។
កីឡាករអ៊ីតាលីរូបនេះត្រូវការពេលត្រឹម ៧១ នាទីប៉ុណ្ណោះ ដើម្បីយកឈ្នះគូប្រកួតជាមួយនឹងលទ្ធផល ២ សិតផ្ទួនៗ ៦-៣ និង ៦-២។

វគ្គ ៨ នាក់ចុងក្រោយកីឡាករលំដាប់លេខ ២ ក្នុងកម្មវិធីរូបនេះ នឹងត្រូវជួបជាមួយអ្នកឈ្នះរវាងកីឡាករអាមេរិក Tommy Paul រឺកីឡាករប្រេស៊ីល Joao Fonseca ដែលជួបគ្នាថ្ងៃនេះ។
លទ្ធផលផ្នែកបុរសផ្សេងទៀត កីឡាករលំដាប់លេខ ៤ អាល្លឺម៉ង់ Alexander Zverev បានយកឈ្នះកីឡាករម្ចាស់ផ្ទះអាមេរិក Brandon Nakashima ពីរសិតផ្ទួនៗផងដែរ ខណៈ Learner Tien យកឈ្នះ Ben Shelton។

ងាកមកការប្រកួតផ្នែកនារី កីឡាការីនីលេខ ១ ពិភពលោក Aryna Sabalenka ក៏បានបន្តដំណើរទៅវគ្គ ១៦ នាក់ចុងក្រោយផងដែរក្រោយយកឈ្នះកីឡាការិនីរ៉ូម៉ានី Jacquelin Cristian។
កីឡាការិនីបេឡារុសរូបនេះ ត្រូវការពេល ៧១ នាទីផងដែរ ក្នុងជ័យជំនះ ២ សិតផ្ទួនៗ ៦-៤ និង ៦-១។
ជុំបន្ត Aryna Sabalenka នឹងត្រូវជួបជាមួយកីឡាការិនីជប៉ុន Naomi Osaka ដែលបានយកឈ្នះកីឡាការិនីកូឡុំប៊ី Camila Osorio៕ អត្ថបទ៖ នាង សុភាវុធ