កងកម្លាំងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានកំណត់ពេលចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាជាទៀតទាត់ ដើម្បីត្រៀមលក្ខណៈសម្រាប់គ្រាអាសន្នដែលអាចកើតមាននៅលើឧបទ្វីបកូរ៉េ។ សមយុទ្ធ នឹងចាប់ផ្តើមនៅថ្ងៃចន្ទនេះ ប៉ុន្តែនឹងមានវគ្គបណ្តុះបណ្តាលតិចជាងឆ្នាំមុន។ សមយុទ្ធ Freedom Shield នឹងត្រូវបានអនុវត្តនៅក្នុងប្រទេសកូរ៉េខាងត្បូងរហូតដល់ថ្ងៃទី ១៩ ខែមីនា។

គោលបំណងនៃសមយុទ្ធ គឺដើម្បីពង្រឹងការទប់ស្កាត់ការគំរាមកំហែងបង្កឡើងដោយអាវុធនុយក្លេអ៊ែរ និងអាវុធមហាប្រល័យផ្សេងទៀតរបស់ប្រទេសកូរ៉េខាងជើង។ យោធា មានផែនការធ្វើសមយុទ្ធនៅទីវាលចំនួន ២២ លើក ដែលចំនួននេះ តិចជាងពាក់កណ្តាលនៃចំនួនកាលពីឆ្នាំមុន។ មាន៥១លើកកាលពីឆ្នាំ ២០២៥ ដែលនៅពេលនោះ រដ្ឋបាលរបស់លោក Yoon Suk-yeol នៅក្នុងប្រទេសកូរ៉េខាងត្បូងកំពុងមានជំហររឹងមាំ ចំពោះកូរ៉េខាងជើង។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងមួយចំនួនបានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Lee Jae Myung បានស្នើឱ្យកាត់បន្ថយសមយុទ្ធ ខណៈខ្លួនកំពុងព្យាយាមបើកការសន្ទនាឡើងវិញជាមួយប្រទេសកូរ៉េខាងជើង។ ភាគីសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថាស្ទាក់ស្ទើរក្នុងការទទួលយកគំនិតនេះនៅពេលដំបូង។
កូរ៉េខាងជើង កំពុងមានប្រតិកម្មយ៉ាងខ្លាំងចំពោះសមយុទ្ធនេះ។ ប៉ុន្តែកាលពីខែកុម្ភៈ មេដឹកនាំប្រទេស លោក គីម ជុងអ៊ុន បានបង្ហាញថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង អាចនឹងប្រសើរឡើង ប្រសិនបើសហរដ្ឋអាមេរិក ដកចេញគោលនយោបាយអរិភាពរបស់ខ្លួន។