សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានបញ្ជាក់ឡើងវិញពីការព្រមានរបស់លោកដល់ប្រទេសចិន ទល់នឹងការផ្ដល់ជំនួយខាងយោធាដល់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយនិយាយថា លោកបានបញ្ជាក់ច្បាស់ហើយការជួយនោះនឹងជួបផលវិបាកធ្ងន់ធ្ងរ ក្នុងជំនួបតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីចិន Xi Jinping កាលពីសប្ដាហ៍មុន។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯជំនួបកំពូលណាតូ ក្នុងទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះលើកឡើងថា លោក Xi នឹងយល់ថា ផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិនពឹងផ្អែកលើលោកខាងលិចមិនមែនរុស្ស៊ីនោះទេ។ លោក Biden បាននិយាយអំពីការសន្ទនារបស់លោកជាមួយមេដឹកនាំចិនថា លោកមិនបានគំរាមកំហែងទេ ប៉ុន្តែលោកបានចង្អុលបង្ហាញពីចំនួនសាជីវកម្មអាមេរិក និងបរទេសដែលបានចាកចេញពីប្រទេសរុស្ស៊ី ដោយសារតែអាកប្បកិរិយាព្រៃផ្សៃរបស់រុស្ស៊ី។
លោក Biden បានបន្ថែមថា លោកបានប្រាប់លោក Xi រួចហើយថា លោក Xi នឹងដាក់ខ្លួនឯងក្នុងស្ថានភាពគ្រោះថ្នាក់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប បើសិនប្រទេសចិនចង់ផ្ដល់ជំនួយឲ្យរុស្ស៊ី៕
អត្ថបទ៖ សុខមាន