ទីបញ្ជាការកណ្តាល Khatam al-Anbiya របស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យរដ្ឋមូស្លីមនៅក្នុងតំបន់ទប់ស្កាត់ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើរោងចក្រប្រេងឥន្ធនៈ និងថាមពលរបស់ខ្លួន ដោយព្រមានថា ទីក្រុងតេអេរ៉ង់ នឹងឆ្លើយតបដោយសកម្មភាពស្រដៀងគ្នា ប្រសិនបើការវាយប្រហារ នៅតែបន្ត។

អ្នកនាំពាក្យលោក Ebrahim Zolfaghari បានធ្វើការអត្ថាធិប្បាយនេះ បន្ទាប់ពីរោងចក្រស្តុកប្រេងឥន្ធនៈជាច្រើននៅក្នុងទីក្រុងតេអេរ៉ង់ និងខេត្ត Alborz ដែលនៅជិតខាង ត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍ ដែលបានបណ្តាលឲ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ បណ្តោះអាសន្ន និងបង្កើនការព្រួយបារម្ភអំពីសុខភាព និងបរិស្ថាន។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់។

លោក Zolfaghari បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល និងមជ្ឈមណ្ឌលសេវាកម្មសាធារណៈរបស់អ៊ីរ៉ង់ «យ៉ាងឃោរឃៅ» ដែលបន្ថែមពីលើការសម្លាប់ជនស៊ីវិល។ លោកបាននិយាយថា បណ្តារដ្ឋមូស្លីមនៅក្នុងតំបន់ គួរតែព្រមានទីក្រុងវ៉ាស៊ីនតោន និងក្រុងហ្ស៊េរុយសាឡឹម កុំឲ្យធ្វើ «សកម្មភាពដ៏កំសាក និងអមនុស្សធម៌» បែបនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្លោះ។
លោក Zolfaghari បានបន្ថែមថា៖ «បើមិនដូច្នោះទេ សកម្មភាពស្រដៀងគ្នានេះ នឹងត្រូវធ្វើឡើង នៅក្នុងតំបន់។ ប្រសិនបើអ្នកអាចទប់ទល់នឹងតម្លៃប្រេងលើសពី ២០០ដុល្លារ ក្នុងមួយបារ៉ែលបាន ចូរបន្តលេង ហ្គេមនេះតទៅទៀត»៕