យោធាអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ១០៤នាក់ បានស្លាប់ និង ៣២នាក់ ផ្សេងទៀត រងរបួស នៅពេលដែលសហរដ្ឋអាមេរិក បានវាយប្រហារនាវាចម្បាំង Dena របស់កងទ័ពជើងទឹកអ៊ីរ៉ង់ នៅក្នុងដែនទឹកអន្តរជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន យោធាបានថ្កោលទោសការវាយប្រហារ «អមនុស្សធម៌» ដោយហៅវាថា ជាការវាយប្រហារ «ដ៏កំសាក»និង «ឃោរឃៅ"»ដោយកងទ័ពជើងទឹកអាមេរិក។ នាវាចម្បាំងនេះ ដែលមានសមាជិកនាវិក ១៣៦នាក់ នៅលើនោះ កំពុងវិលត្រឡប់មកពីព្យុហយាត្រាកងនាវាអន្តរជាតិឆ្នាំ ២០២៦ និងសមយុទ្ធ Milan នៅពេលដែលវា ត្រូវបានវាយប្រហារ។

កងទ័ពបាននិយាយថា សហរដ្ឋអាមេរិកបានកំណត់គោលដៅនាវានេះ នៅចម្ងាយរាប់រយម៉ាយពីតំបន់ជម្លោះដោយគ្មានការព្រមាន ដែលជាការរំលោភលើច្បាប់មនុស្សធម៌ និងច្បាប់សមុទ្រអន្តរជាតិ។ នាវាចម្បាំងនេះត្រូវបានបាញ់ពន្លិចដោយនាវាមុជទឹក Los Angeles- class USS Charlotte នៅមហាសមុទ្រឥណ្ឌា កាលពីថ្ងៃពុធ។
ហេតុការណ៍នេះ បានកើតឡើង បន្ទាប់ពីការវាយប្រហាររួមគ្នា នៅថ្ងៃទី ២៨ ខែកុម្ភៈ ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកទៅលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ដទៃទៀត ដែលបានសម្លាប់មេដឹកនាំកំពូលលោក Ali Khamenei សមាជិកគ្រួសារមួយចំនួនរបស់លោក មេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។ អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូនជាច្រើនលើកប្រឆាំងនឹងមូលដ្ឋានទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា៕