ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានព្រមានមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់ថា លោកនឹងត្រូវទទួលបានការយល់ព្រមពីសហរដ្ឋអាមេរិក ប្រសិនបើលោកចង់ «នៅបានយូរអង្វែងនោះ»។

លោក ត្រាំ បានប្រាប់សារព័ត៌មាន ABC News ថា៖«មេដឹកនាំថ្មីនេះ នឹងត្រូវទទួលបានការយល់ព្រមពីយើង»។ «ប្រសិនបើលោកមិនទទួលបានការយល់ព្រមពីយើងទេ លោកនឹងនៅមិនបានយូរអង្វែងនោះទេ»។

នាព្រឹកថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត NBC News ថា វាអាស្រ័យលើប្រជាជនអ៊ីរ៉ង់ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់ពួកគេ ហើយគ្មាននរណាម្នាក់ អាចជ្រៀតជ្រែកក្នុងរឿងនេះបានទេ។
លោក Ahmad Alamulhuda សមាជិកនៃសភាអ្នកជំនាញ ដែលទទួលខុសត្រូវចំពោះការបោះឆ្នោតជ្រើសរើសមេដឹកនាំកំពូលរបស់ប្រទេសនេះ បាននិយាយមុននេះថា ការបោះឆ្នោត បានកើតឡើង ហើយមេដឹកនាំថ្មី ត្រូវបានជ្រើសរើសរួចហើយ៕