យោងតាមការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាសរបស់ប្រទេស បានឲ្យដឹងថា ការស្វែងរកចុងក្រោយបំផុត សម្រាប់ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysia Airlines ) មិនទទួលបាននូវតម្រុយថ្មីណាមួយ អំពីទីតាំងរបស់យន្តហោះនេះឡើយ។

បើយោងតាមសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ (ទី៨ ខែមីនា ឆ្នាំ២០២៦) បានឲ្យដឹងថា ក្រុមហ៊ុនរុករក Ocean Infinity បានអង្កេតស្រាវជ្រាវលើផ្ទៃទឹកប្រហែល ៧.៥៧១គីឡូម៉ែត្រការ៉េ នៅភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា ជា ២ដំណាក់កាល។ ដំណាក់កាលទី២ នៃការស្វែងរកបានបញ្ចប់នៅថ្ងៃទី២៣ ខែមករា។

ក្រុមហ៊ុននេះបានបញ្ជាក់ថា៖ «គិតត្រឹមថ្ងៃនៃការធ្វើបច្ចុប្បន្នភាពនេះ សកម្មភាពស្វែងរកដែលបានធ្វើឡើង មិនទទួលបានលទ្ធផលណាមួយដែលបញ្ជាក់ពីទីតាំងនៃបំណែកយន្តហោះនេះឡើយ»។
រដ្ឋាភិបាលម៉ាឡេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង «រកមិនឃើញ មិនយកថ្លៃសេវា» ជាមួយក្រុមហ៊ុន Ocean Infinity ក្នុងខែមីនា ឆ្នាំ២០២៥ ដើម្បីកំណត់ទីតាំងបំណែកយន្តហោះ MH370 នៅក្នុងតំបន់ថ្មី ដែលត្រូវបានប៉ាន់ស្មានថា មានទំហំប្រហែល ១៥.០០០គីឡូម៉ែត្រការ៉េ នៅភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា។
គួររំលឹកថា យន្តហោះ MH370 បានចេញដំណើរពីទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ដោយមានគោលដៅដែលបានគ្រោងទុក គឺទីក្រុងប៉េកាំង ប្រទេសចិន។ តែវាបានបាត់បង់ទំនាក់ទំនងជាមួយប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ក្នុងរយៈពេលមិនដល់មួយម៉ោងបន្ទាប់ពីហោះឡើង នៅពេលដែលយន្តហោះនេះ ស្ថិតនៅលើសមុទ្រចិនខាងត្បូង ហើយមិនដែលត្រូវបានប្រទះឃើញម្តងទៀតឡើយ។ អ្នកដំណើរទាំង ២២៧នាក់ និងសមាជិកអាកាសយានិក ១២នាក់ ត្រូវបានសន្មតថា ស្លាប់៕