អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើប្រទេសឈូងសមុទ្រ និងបានអំពាវនាវឲ្យទីក្រុងតេអេរ៉ង់ បង្ហាញការអត់ធ្មត់ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរសម្រាប់សន្តិសុខ និងសេដ្ឋកិច្ចរបស់តំបន់នេះ។

សារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត Al Hadath បានដកស្រង់សេចក្តីថ្លែងការណ៍របស់លោកថា៖«ការវាយប្រហារទាំងនេះ ឆ្លុះបញ្ចាំងពីការកើនឡើងដោយគ្មានមូលដ្ឋានរបស់ទីក្រុងតេអេរ៉ង់ ហើយអាចពង្រីកវិសាលភាពនៃភាពតានតឹងនៅមជ្ឈិមបូព៌ា» ។ លោកបានសង្កត់ធ្ងន់ថា វិធីសាស្រ្តបែបនេះ «គឺជាកំហុសធ្ងន់ធ្ងរទាំងផ្នែកនយោបាយ និងយោធា និងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង»។ លោកអគ្គលេខាធិការបានអំពាវនាវឲ្យទីក្រុងតេអេរ៉ង់ «បញ្ឈប់ការកើនឡើងភាពតានយតឹងនេះ និងបង្ហាញការអត់ធ្មត់ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរដល់សន្តិសុខរបស់ប្រទេសឈូងសមុទ្រ និងសេដ្ឋកិច្ចក្នុងតំបន់»។
នៅថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ។ ទីក្រុងសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានប្រកាសពីប្រតិបត្តិការសងសឹកទ្រង់ទ្រាយធំ ដោយវាយប្រហារទីតាំងនានា នៅក្នុងប្រទេសអ៊ីស្រាអែល។ គោលដៅរបស់សហរដ្ឋអាមេរិក នៅបារ៉ែន ហ្ស៊កដានី កាតា គូវ៉ែត អារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត ក៏ត្រូវបានវាយប្រហារផងដែរ។ ការវាយប្រហារលើអ៊ីរ៉ង់ បានសម្លាប់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei និងឥស្សរជនសំខាន់ៗមួយចំនួនទៀត នៅក្នុងជួរថ្នាក់ដឹកនាំរបស់សាធារណរដ្ឋឥស្លាមនេះ៕
