អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតនិយាយថា មនុស្ស ២នាក់ ត្រូវបានសម្លាប់ ក្រោយកាំជ្រួចផ្លោងធ្លាក់លើអគាររស់នៅរបស់របស់អ្នកស្រុក ស្ថិតនៅក្នុងទីក្រុង Al-Kharj ស្របពេលដែលការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើប្រទេសតំបន់ឈូងសមុទ្រដែលមានមានមូលដ្ឋានទ័ពសហរដ្ឋអាមេរិក ឈានចូលដល់សប្តាហ៍ទី ២ ។
ក្រុមការពារជនស៊ីវិលអារ៉ាប៊ីសាអ៊ូឌីត និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xកាលពីថ្ងៃអាទិត្យដោយពុំអះអាងឈ្មោះអ៊ីរ៉ង់ថា កាំជ្រួចផ្លោងបានធ្លាក់លើតំបន់រស់នៅរបស់អ្នកស្រុក ស្ថិតក្នុងទីក្រុង Al-Kharj ដោយសម្លាប់ជនបរទេស ២នាក់ ម្នាក់ជាជនជាតិឥណ្ឌា និងម្នាក់ទៀតជាជនជាតិបង់ក្លាដែស ហើយមនុស្ស ១២នាក់ផ្សេងទៀត បានរងរបួស ។

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ងនិយាយមុននេះថា ពួកគេមានគោលដៅប្រព័ន្ធរ៉ាដា ស្ថិតនៅតាមទីតាំងជាច្រើន រួមទាំងនៅទីក្រុង Al-Kharj ដែលជាទីតាំងមានមូលដ្ឋានទ័ព Prince Sultan ត្រូវបានប្រើប្រាស់ដោយកងកម្លាំងសហរដ្ឋអាមេរិក ហើយនិងរងការវាយប្រហារម្តងហើយម្តងទៀតកាលពីសប្តាហ៍កន្លងទៅ នៅក្នុងសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។
អ្នកស្រី Laura Khan គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera រាយការណ៍ពីទីក្រុង Doha ថា កាំជ្រួចផ្លោងបានធ្លាក់ចំទីកន្លែងរស់នៅរបស់ក្រមហ៊ុនថែទាំ និងសម្អាត ។
អ្នកស្រីបន្តថា វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋរស់នៅទូទាំងតំបន់ឈូងសមុទ្រ ហើយពួកយើងចង់បញ្ជាក់ថា មនុស្សជាង ២០០សញ្ជាតិរស់នៅ និងធ្វើការនៅទូទាំងតំបន់ឈូងសមុទ្រ ដែលភាគច្រើននៃពួកគេ គឺជាកម្មករចំណាកស្រុក ។
ក្រសួងការពារជាតិអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ពួកគេបានបាញ់ស្កាត់យានដ្រូន ១៥គ្រឿង រួមទាំងយានដ្រូនវាយប្រហារមានគោលដៅលើសង្កាត់ការទូតនៅក្នុងរដ្ឋធានី Riyadhផងដែរ ៕
