ចិន៖ ក្រសួងការពារជាតិចិនបានហៅសហរដ្ឋអាមេរិកថា ជាជនកុហក និងបង្កបញ្ហា និងនិយាយថា អ្នកគ្រប់គ្នាប្រាកដជាបានដឹងច្បាស់ណាស់ថា ប្រទេសណាមួយដែលជាអ្នកផ្តួចផ្តើមធំបំផុត ដុតបញ្ឆេះឲ្យមានវិបត្តិអ៊ុយក្រែនរហូតដល់ពេលនេះ។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការពារជាតិលោក Wu Qian បានអត្ថាធិប្បាយតបទៅកាន់ការចោទប្រកាន់ទាំងឡាយ ពីក្រុមមន្ត្រីអាមេរិកដែលមិនបានបញ្ជាក់ឈ្មោះ ដែលថាទីក្រុងប៉េកាំងដឹងមុនអំពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន និងថា ប្រទេសចិនបានស្នើទីក្រុង Moscow ឲ្យពន្យារពេលរហូតដល់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង២០២២ ចប់សិន។ លោក Wu បានថ្កោលទោសការអះអាងទាំងនេះរួមទាំងរបាយការណ៍ដែលចោទថា ប្រទេសចិនកំពុងផ្ដល់ជំនួយយោធាទៅឲ្យរុស្ស៊ី ដោយនិយាយថានោះជាព័ត៌មានគ្មានការពិតទាល់តែសោះ ដែលយកមកប្រើបម្រើឲ្យគំនិតស្ដីបន្ទោសដាក់គ្នាទៅវិញទៅមក និងបង្កាច់បង្ខូចប្រទេសចិន។

អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបានសង្កត់ធ្ងន់ថា សង្គ្រាមនៅអ៊ុយក្រែនផ្ទុះចេញពីមូលហេតុជាច្រើន និងស្ថិតក្នុងបរិបទប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ ដោយបន្ថែមថា យើងទាំងអស់គ្នាយល់ហើយថា ប្រទេសមហាអំណាចណាមួយដែលបានរារាំងទំនួលខុសត្រូវធំបំផុត សម្រាប់វិបត្តិបច្ចុប្បន្ននេះដែលសំដៅលើទីក្រុង Washington៕
អត្ថបទ៖ សុខមាន