រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បាននិយាយព្រមានកាលពីថ្ងៃអាទិត្យថា រាល់ការប៉ុនប៉ងណាមួយក្នុងការបំបែកកោះតៃវ៉ាន់ពីចិនលើឆាកអន្តរជាតិ ត្រូវតែវិនាសដល់បរាជ័យ ដោយរូបលោកនិយាយថា បញ្ហាកោះតៃវ៉ាន់នៅតែជាផលប្រយោជន៍ស្នូលរបស់ទីក្រុងប៉េកាំង ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្រៅកិច្ចប្រជុំសភាប្រចាំរបស់ចិន លោក Wangនិយាយថា ការស្វែងរកឯករាជ្យកោះតៃវ៉ាន់របស់គណបក្សប្រជាធិបតេយ្យជឿនលឿន គឺជាប្រភពសំខាន់នៃភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ។ លោកថា សន្តិភាពកាន់តែសុវត្ថិភាព ពេលដែលសហគមន៍អន្តរជាតិ គាំទ្រគោលការណ៍ចិនតែមួយ ។

លោកនិយាយផងដែរថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ មានទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយកម្រិតខ្ពស់ ហើយមិនខ្លាចការបង្កហេតុពីខាងក្រៅទេ។
លោក Wang បញ្ជាក់ថា ប្រទេសចិន និងរុស្ស៊ីមានទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយកម្រិតខ្ពស់ ហើយការទំនាក់ទំនងគ្នាយ៉ាងជាប់លាប់ បានក្លាយជាខ្លឹមសារនៃចំណងមិត្តភាពចិន-រុស្ស៊ី។ ពួកយើងមិនខ្លាចការញុះញង់ និងសម្ពាធពីខាងក្រៅណាមួយឡើយ ។
សូមបញ្ជាក់ថា ចិនមាននូវហ្គេមសង្គ្រាមទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់ ហើយនិងមានជម្លោះការទូតកើនឡើងជាមួយជប៉ុន ជុំវិញសេចក្តីអត្ថាធិប្បាយរបស់លោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi ថា ការវាយប្រហាររបស់ចិនលើកោះគ្រប់គ្រងបែបប្រជាធិបតេយ្យមួយនេះ អាចនឹងនាំឲ្យមានការឆ្លើយតបផ្នែកយោធាពីទីក្រុងតូក្យូ ៕
