យោងតាមក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីនបានឲ្យដឹងថា ជនប៉ាឡេស្ទីន ៦នាក់ រួមទាំងក្មេងស្រី ២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្រ្ទីប កាលពីថ្ងៃអាទិត្យ ។
នៅទីក្រុងហ្កាហ្សា ការវាយប្រហារតាមច្រកអាកាសនៅជិតសាកលវិទ្យាល័យ Al-Azhar បានសម្លាប់បុរស ៣នាក់ រួមទាំងគ្រូពេទ្យបឋម ២នាក់ផងដែរ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ។ ការផ្ទុះគ្រាប់ បានកើតមាននៅជិតជំរំសំពត់តង់ដែលមានគ្រួសារជម្លៀសខ្លួនរស់នៅយ៉ាងច្រើន ។

យោធាអ៊ីស្រាអែលនិយាយថា ពួកគេមានគោលដៅលើសមាជិកក្រុមហាម៉ាស ២នាក់ ដែលរៀបចំការវាយប្រហារ ប៉ុន្តែពួកគេពុំបានផ្តល់ភ័ស្តុតាងនោះទេ ។ ក្រុមជីវពលមួយនេះ ពុំបានប្រកាសបុរសស្លាប់ គឺជាសមាជិករបស់ខ្លួននោះឡើយ ហើយអ៊ីស្រាអែលបដិសេធន៍ពុំផ្តល់ព័ត៌មានលម្អិតបន្ថែមនោះដែរ ។
នៅពាក់កណ្តាលយប់អាធ្រាត្រថ្ងៃអាទិត្យ រថក្រោះបានផ្លោងគ្រាប់កាំភ្លើងធំលើតំបន់ភាគកណ្តាលហ្កាហ្សា ដោយបានសម្លាប់មនុស្ស ៣នាក់ រួមទាំងក្មេងស្រី ២នាក់ផងដែរ ហើយមនុស្ស ១០នាក់ផ្សេងទៀត បានរងរបួស ។
សូមបញ្ជាក់ថា អំពើហិង្សានៅតែបន្ត បើទោះបីជាមានបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកកាលពីខែតុលា ក៏ដោយ ។ ក្រុមមន្រ្តីសុខភាពហ្កាហ្សា និយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ៦៤០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីពេលនោះមក ខណៈអ៊ីស្រាអែលរាយការណ៍ថា ទាហានរបស់ខ្លួន ៤នាក់ ត្រូវបានសម្លាប់ អំឡុងពេលតែមួយ ៕
