ការិយាល័យរដ្ឋអាជ្ញាអ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ជនជាតិអ៊ីរ៉ង់រស់នៅក្រៅប្រទេស អាចនឹងត្រូវរឹបអូសទ្រព្យសម្បត្តិ ហើយប្រឈមជាមួយនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់ផ្សេងទៀត ប្រសិនបើពួកគេបង្ហាញការគាំទ្រដល់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

សមាជិកមួយចំនួននៃសហគមន៍ជនភៀសខ្លួនអ៊ីរ៉ង់ ដែលចង់បានការផ្លាស់ប្តូរនយោបាយ នៅទីក្រុងតេអេរ៉ង់ បានចេញទៅតាមដងផ្លូវនៃទីក្រុងនានា នៅអឺរ៉ុប និងអាមេរិក ដើម្បីអបអរសាទរការសម្លាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei ក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ នៅថ្ងៃចន្ទនេះ អ៊ីរ៉ង់បានតែងតាំងលោក Mojtaba Khamenei ឲ្យស្នងតំណែងឪពុករបស់លោក។
ការិយាល័យរដ្ឋអាជ្ញា ត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលបានឲ្យដឹងថា៖ «ការព្រមានមួយ ត្រូវបានចេញដល់ជនជាតិអ៊ីរ៉ង់រស់នៅក្រៅប្រទេស ដែលតាមរយៈវិធីផ្សេងៗគ្នា បង្ហាញនូវការអាណិតអាសូរ គាំទ្រ ឬសហការជាមួយសត្រូវអាមេរិក-អ៊ីស្រាអែល»។
ការិយាល័យនេះ បានបន្ថែមថា៖ «ពួកគេនឹងត្រូវប្រឈមជាមួយការរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ និងការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ផ្សេងទៀត ស្របតាមច្បាប់របស់ប្រទេស»។
បណ្ដាញទើបបង្កើតថ្មី នៅកម្មវិធីផ្ញើសារ Telegram បានចែករំលែកព័ត៌មានលម្អិត អំពីជនជាតិអ៊ីរ៉ង់ល្បីៗរស់នៅក្រៅប្រទេស ដែលបានបង្ហោះមតិយោបល់រិះគន់អាជ្ញាធរថ្នាក់ដឹកនាំសាសនាអ៊ីរ៉ង់ និងគាំទ្រយុទ្ធនាការយោធារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕
