តម្លៃប្រេងបានហក់ឡើងខ្ពស់ ខណៈដែលទីផ្សារភាគហ៊ុនបានដាំក្បាលចុះ ដោយសារក្ដីបារម្ភ ដែលថា សង្គ្រាមអាមេរិក-អ៊ីស្រាអែលដែលកំពុងកើនឡើង លើអ៊ីរ៉ង់ នឹងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល និងឧស្សាហកម្ម ជុំវិញពិភពលោក។
កាត្តានេះ បានជំរុញឲ្យរដ្ឋាភិបាលនានាចាត់វិធានការ ឬមាននូវគម្រោង ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារសង្គ្រាម លើសេដ្ឋកិច្ចរបស់ខ្លួន។
នៅកូរ៉េខាងត្បូង លោកប្រធានាធិបតី Lee Jae Myung បាននិយាយនៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) នេះថា អាជ្ញាធរនឹងកំណត់តម្លៃប្រេងឥន្ធនៈរបស់ប្រទេសជាលើកដំបូងក្នុងរយៈពេលជិត ៣០ឆ្នាំ។ លោកបានបន្ថែមថា ប្រទេសនេះក៏នឹងស្វែងរកប្រភពថាមពលលើសពីការផ្គត់ផ្គង់ដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz ហើយកម្មវិធីស្ថិរភាពទីផ្សារចំនួន ១០០សែនកោដិវ៉ុន (៦៧ពាន់លានដុល្លារ) គួរតែត្រូវបានពង្រីកបន្ថែម ប្រសិនបើចាំបាច់។
សម្រាប់ប្រទេសជប៉ុន លោក Akira Nagatsuma សមាជិកគណបក្សប្រឆាំង គឺសម្ព័ន្ធភាពកំណែទម្រង់កណ្តាលនិយម (Centrist Reform Alliance) បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលជប៉ុន បានណែនាំទីតាំងផ្ទុកបម្រុងប្រេងជាតិឲ្យរៀបចំ សម្រាប់លទ្ធភាពដែលអាចមានការបញ្ចេញប្រេងឆៅ។ តែលោកប្រាប់ថា សេចក្ដីលម្អិតនៅតែមិនទាន់ច្បាស់លាស់។

រីឯរដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា ខ្លួនកំពុងមានគម្រោងលុបចោលពន្ធនាំចូលលើប្រេងឥន្ធនៈ ដើម្បីធានាការផ្គត់ផ្គង់ អំឡុងពេលមានការរំខាននេះ ដោយបន្ថែមថា វិធានការនេះត្រូវបានគេរំពឹងថា នឹងមានរយៈពេលរហូតដល់ចុងខែមេសា។ នៅឥណ្ឌូនេស៊ី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយនៅថ្ងៃចន្ទនេះថា ឥណ្ឌូនេស៊ីនឹងបង្កើនទឹកប្រាក់ដែលខ្លួនបានបែងចែកទុកសម្រាប់ការឧបត្ថម្ភធនប្រេងឥន្ធនៈ នៅក្នុងថវិការដ្ឋ។
សម្រាប់ប្រទេសចិន ប្រភពដែលដឹងអំពីបញ្ហានេះ បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងប៉េកាំងបានស្នើឲ្យក្រុមហ៊ុនចម្រាញ់ប្រេងបញ្ឈប់ការចុះហត្ថលេខា លើកិច្ចសន្យាថ្មី ដើម្បីនាំចេញប្រេងឥន្ធនៈ និងព្យាយាមលុបចោលការដឹកជញ្ជូនដែលបានព្រមព្រៀងរួចហើយ។ ពួកគេបាននិយាយថា ការណែនាំនេះមិនអនុវត្ត ចំពោះការចាក់ប្រេងឥន្ធនៈយន្តហោះ សម្រាប់ជើងហោះហើរអន្តរជាតិ ការស្តុកប្រេងរបស់នាវាក្រោមច្បាប់គយ ឬការផ្គត់ផ្គង់ទៅកាន់ទីក្រុងហុងកុង ឬម៉ាកាវទេ។
ដោយឡែកប្រទេសបង់ក្លាដែស នឹងបិទសាកលវិទ្យាល័យទាំងអស់ ចាប់ពីថ្ងៃចន្ទតទៅ ដោយយកថ្ងៃឈប់សម្រាក Eid al-Fitr (ថ្ងៃឈប់សម្រាកបុណ្យមូស្លីម) ជាផ្នែកមួយនៃវិធានការបន្ទាន់នេះ ដើម្បីសន្សំសំចៃអគ្គិសនី និងប្រេងឥន្ធនៈ៕


