នៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានលើកឡើងថា បន្ទាប់ពីមានការសម្លាប់ឪពុករបស់លោក Mojtaba Khamenei ការសម្រេចរបស់អ៊ីរ៉ង់ ក្នុងការតែងតាំងលោក ជាមេដឹកនាំកំពូលថ្មី គឺជាបញ្ហាផ្ទៃក្នុង ហើយខ្លួនប្រឆាំងនឹងការប៉ុនប៉ងណាមួយ ដើម្បីកំណត់គោលដៅលើរូបលោក។
យោធាអ៊ីស្រាអែលបានគំរាមកំហែងកំណត់គោលដៅអ្នកស្នងតំណែងណាម្នាក់របស់អតីតមេដឹកនាំកំពូល លោក Ali Khamenei ដែលត្រូវបានសម្លាប់អំឡុងការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាត់ទុកលោក Mojtaba Khamenei ថា ជា «បុគ្គលមិនមានសមត្ថភាពគ្រប់គ្រាន់» ឡើយ ហើយបានទទូចថា រូបលោកគួរតែមានតួនាទីក្នុងការតែងតាំងមេដឹកនាំអ៊ីរ៉ង់ថ្មី។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៩ ខែមីនានេះថា ការសម្រេចរបស់អ៊ីរ៉ង់ ក្នុងការតែងតាំងកូនប្រុសរបស់លោក Khamenei គឺ «ផ្អែកលើរដ្ឋធម្មនុញ្ញរបស់ខ្លួន»។ នៅពេលត្រូវបានសួរអំពីការគំរាមកំហែងលើមេដឹកនាំថ្មី លោកបានបញ្ជាក់ថា៖ «ប្រទេសចិនប្រឆាំងនឹងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ក្រោមលេសណាមួយ ហើយអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ គួរតែត្រូវបានគោរព»។
គួរបញ្ជាក់ថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបន្តវាយប្រហារអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយទីក្រុងតេអេរ៉ង់ បានសងសឹកវិញដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូន លើអ៊ីស្រាអែល និងប្រទេសជិតខាងឈូងសមុទ្រដែលមានមូលដ្ឋានរបស់កងកម្លាំងអាមេរិក៕
