ក្រុមហ៊ួទីនៅប្រទេសយេម៉ែននៅថ្ងៃចន្ទនេះ បានស្វាគមន៍ការតែងតាំងលោក Mojtaba Khamenei ដែលជាកូនប្រុសរបស់លោក Ali Khamenei ជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ដោយពណ៌នាអំពីការសម្រេចនេះថា ជាសញ្ញានៃសាមគ្គីភាព និងភាពរឹងមាំ នៅក្នុងសាធារណរដ្ឋឥស្លាម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយដោយទូរទស្សន៍ Al-Masirah ក្រុមប្រឹក្សានយោបាយកំពូលរបស់ក្រុមនេះ បានអបអរសាទរថ្នាក់ដឹកនាំ និងប្រជាជនអ៊ីរ៉ង់ចំពោះការតែងតាំងនេះ ដោយនិយាយថា វាបានកើតឡើងនៅ «ចំណុចប្រសព្វដ៏សំខាន់ និងចំបាច់បំផុត»។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ការតែងតាំងនេះ ឆ្លុះបញ្ចាំងពី «កម្លាំង និងភាពស្អិតរមួតរបស់អ៊ីរ៉ង់នៅកម្រិតថ្នាក់ដឹកនាំ ប្រជាជន រដ្ឋ និងស្ថាប័ន»។
ក្រុមហ៊ួទីក៏បានអំពាវនាវដល់ពិភពឥស្លាម និងអ្នកគាំទ្រអ្វីដែលពួកគេបានពិពណ៌នាថា ជាមូលហេតុត្រឹមត្រូវ ដើម្បីបង្ហាញសាមគ្គីភាពកាន់តែច្រើនជាមួយអ៊ីរ៉ង់៕
