តំបន់អាស៊ីអាគ្នេយ៍ នឹងជួបប្រទះរដូវក្តៅដើមឆ្នាំក្តៅជាងធម្មតា ដែលអាចធ្វើឲ្យតម្រូវការថាមពលកើនឡើង សម្រាប់ប្រេងឥន្ធនៈ និងបន្ថែមសម្ពាធដល់បណ្តាញអគ្គិសនី នៅពេលដែលជម្លោះមជ្ឈិមបូព៌ា បាននាំឲ្យការផ្គត់ផ្គង់ថាមពលនៅក្នុងតំបន់នេះកាន់តែមានការរឹតត្បិត។
នៅទូទាំងតំបន់សមុទ្រ និងដីគោកតំបន់អាស៊ីអាគ្នេយ៍ភាគច្រើន ដែលជាកន្លែងរបស់ប្រជាជនជាងកន្លះពាន់លាននាក់ សីតុណ្ហភាពនឹងខ្ពស់ជាងមធ្យម សម្រាប់រយៈពេលខែមីនា-មេសា-ឧសភា។ នេះបើយោងតាមការព្យាកររដូវកាលចុងក្រោយបំផុត ដែលបានចេញផ្សាយដោយមជ្ឈមណ្ឌលឧតុនិយមឯកទេសអាស៊ាន (ASMC) កាលពីថ្ងៃទី៦ ខែមីនា។

ការព្យាករនេះ កើតឡើងនៅពេលដែលសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានធ្វើឲ្យការដឹកជញ្ជូន និងទិន្នផលនៅទូទាំងតំបន់មជ្ឈិមបូព៌ាធ្លាក់ចុះ ដែលនាំឲ្យតម្លៃថាមពលហក់ឡើងខ្ពស់។ ការរំខានដ៏យូរអង្វែង នឹងគំរាមកំហែងដល់ការផលិតថាមពលរបស់អាស៊ីអាគ្នេយ៍ ដែលពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរហូតដល់ខែមេសា និងឧសភា នៅពេលដែលសីតុណ្ហភាពអាចឡើងដល់កម្រិតក្តៅខ្លាំងមែនទែន។
មានឱកាសពី ៨០ភាគរយ ទៅ ១០០ភាគរយ ដែលសីតុណ្ហភាពមានកម្រិតលើសពីធម្មតា នៅទូទាំងប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ នេះបើយោងតាមការព្យាករណ៍របស់ ASMC សម្រាប់រយៈពេល ៣ខែ។
កម្ដៅខុសរដូវ ទំនងជានឹងចាប់ផ្តើមមាននៅប្រទេសទាំង ២ នោះ ជាមុន ហើយបន្ទាប់មកត្រូវបានគេរំពឹងថា នឹងពង្រីកដល់ដីគោករបស់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ភាគច្រើន ក្នុងរយៈពេល ២ខែបន្ទាប់។ មជ្ឈមណ្ឌលនេះ បានបន្ថែមថា តំបន់ភាគច្រើននៃប្រទេសថៃ និងភាគខាងជើងវៀតណាម ក៏នឹងរងផលប៉ះពាល់ដោយសារកម្ដៅនេះផងដែរ៕

