បណ្តាញសារព័ត៌មាននិស្សិតអ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី៩ ខែមីន ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកុំឲ្យរំពឹងពីលទ្ធភាពមានបទឈប់បាញ់ ដរាបណាការវាយប្រហារនៅតែបន្តកើតឡើង ដោយបន្ថែមថា អ៊ីរ៉ង់នឹងបន្តការពារខ្លួន។
លោក Esmaeil Baghaei បាននិយាយថា «គ្មានចំណុចណាមួយដែលត្រូវនិយាយ អំពីអ្វីក្រៅតែពីការការពារ និងការសងសឹកដ៏ខ្លាំងក្លា ប្រឆាំងនឹងសត្រូវនោះទេ» មុនពេលបញ្ជាក់ជាថ្មីថា ទីក្រុងតេអេរ៉ង់មិនធ្វើសង្គ្រាម ដើម្បីប្រយុទ្ធជាមួយប្រទេសជិតខាងមូស្លីមរបស់ខ្លួនឡើយ ប៉ុន្តែត្រូវតែកំណត់គោលដៅ «ទីកន្លែងដែលត្រូវបានប្រើប្រាស់ដោយអ្នកឈ្លានពាន» ដើម្បីការពារភាពស្របច្បាប់របស់ខ្លួន។

ជាមួយគ្នានេះ លោក Baqaei ក៏បានបដិសេធការវាយប្រហារណាមួយរបស់អ៊ីរ៉ង់ ប្រឆាំងនឹងប្រទេសទួរគី អាស៊ែបៃហ្សង់ និងស៊ីប ដោយចង្អុលទៅអ្វី ដែលលោកហៅថា «ការវាយប្រហារបន្លំ»។ ហើយអ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ក៏បានចោទប្រកាន់ដល់បណ្ដាប្រទេសអឺរ៉ុប ក្នុងនោះរួមទាំងបារាំងផងដែរថា បានបង្កើតលក្ខខណ្ឌដែលនាំឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារសាធារណរដ្ឋឥស្លាម និងបង្កឲ្យមានសង្គ្រាម។
អំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោក លោក Baqaei បាននិយាយថា៖ «ជារឿងគួរឲ្យសោកស្ដាយណាស់ បណ្ដាប្រទេសអឺរ៉ុបបានជួយបង្កើតលក្ខខណ្ឌទាំងនេះ។ ជំនួសឲ្យការទទូចគោរពនីតិរដ្ឋ ជំនួសឲ្យការឈរប្រឆាំងនឹងការគំរាមកំហែង និងការធ្វើហួសហេតុរបស់សហរដ្ឋអាមេរិក ប្រទេសទាំងនោះបាននិយាយ និងយល់ព្រមជាមួយពួកគេ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងការពិភាក្សាអំពីការដាក់ទណ្ឌកម្មឡើងវិញ ហើយរឿងទាំងអស់នេះរួមគ្នា បានជំរុញឲ្យភាគីអាមេរិក និងអ៊ីស្រាអែល បន្តប្រព្រឹត្តបទឧក្រិដ្ឋរបស់ពួកគេ»៕
