នៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) នេះ មន្ត្រីបាននិយាយថា ប្រទេសជប៉ុននឹងដាក់ពង្រាយមីស៊ីលប្រឆាំងការវាយប្រហាររយៈចម្ងាយឆ្ងាយមួយចំនួន នៅក្នុងតំបន់ភាគនិរតី ជិតប្រទេសចិន នៅចុងខែមីនា។
កងកម្លាំងស្វ័យការពារជប៉ុន មានគម្រោងដាក់ពង្រាយមីស៊ីល Type 12 ជាប្រភេទបាញ់នាវាចេញពីដីគោក ដែលមានរយៈចម្ងាយក្នុងរង្វង់ ១.០០០គីឡូម៉ែត្រ នៅក្នុងទីក្រុង Kumamoto តំបន់ Kyushu។ នេះបើយោងតាមរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក Minoru Kihara ដែលបានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំ។
អ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំត្រូវបានគេរាយការណ៍ប្រាប់ថា នៅពេលដែលការរៀបចំចាំបាច់ត្រូវបានធ្វើឡើង ក្រសួងការពារជាតិនឹងជូនដំណឹងដល់ប្រជាជនក្នុងតំបន់ អំពីចំណាត់ការនេះ»។
ជប៉ុនកំពុងព្យាយាមពង្រឹងសមត្ថភាពយោធារបស់ខ្លួន ខណៈដែលប្រទេសចិនបង្កើនសកម្មភាពកងទ័ពជើងទឹករបស់ខ្លួន នៅក្នុងសមុទ្រចិនខាងកើត។ ជប៉ុនចង់រក្សាសមត្ថភាព «ប្រឆាំងការវាយប្រហារ» របស់ខ្លួន និងប្រើប្រាស់មីស៊ីល ដើម្បីវាយប្រហារមូលដ្ឋានសត្រូវ ប្រសិនបើជប៉ុនរងការវាយប្រហារដោយផ្ទាល់។
គួរបញ្ជាក់ថា ទំនាក់ទំនងរបស់ជប៉ុនជាមួយទីក្រុងប៉េកាំង បានជួបនឹងភាពអាប់អួយ៉ាងឆាប់រហ័ស បន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានលើកឡើងកាលពីខែវិច្ឆិកាឆ្នាំមុនថា ទីក្រុងតូក្យូអាចធ្វើអន្តរាគមន៍យោធាក្នុងការវាយប្រហារណាមួយលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង៕